(ហ្ស៊េរុយសាឡិម)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះបានផ្ដល់អនុសាសន៍​​ឱ្យប្រជាជនដែលមានបញ្ហាសុខភាព ឬមាន ប្រព័ន្ធភាពសុំាទន់ខ្សោយ ពាក់ម៉ាសនៅតាមទីក្រុងកន្លែងបិទជិត ឬកន្លែងមនុស្សប្រមូលផ្ដុំគ្នា ខណ​ៈមើលឃើញការកើនឡើងករណីឆ្លង កូវីដ១៩ នៅមុនពិធីបុណ្យ Jewish holidays។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៉ីស្រាអែល បានទទួលស្គាល់ថាមានការកើនឡើងចំនួនមនុស្សចូលសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ដោយសារមេរោគបំប្លែងថ្មីកូវីដ១៩ ដែលត្រូវបានរកឃើញទាំងនៅអ៉ីស្រាអែល និងនៅជុំវិញពិភពលោក។ ក្រសួង បានគូសបញ្ជាក់ដូច្នេះថា «នៅមុនថ្ងៃបុណ្យឈប់សម្រាក និងដោយសារតែការកើនឡើងនៃចំនួនអ្នកធ្លាក់ខ្លួនឈឺ ក្រសួងសុខាភិបាលសូម ផ្ដល់អនុសាសន៍ឱ្យអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សប្រឈមនឹងហានិភ័យខ្ពស់ ឬក៏អ្នកដែលចង់ការពារកុំឱ្យឆ្លងជំងឺ ពាក់ម៉ាសនៅតាម ទីកន្លែងបិទជិត ឬកន្លែងមានមនុស្សប្រមូលផ្ដុំ»។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអ៉ីស្រាអែល ក៏បានប្រកាសដែរថាខ្លួននឹងបញ្ចេញវ៉ាក់សាំងប្រឆាំងមេរោគបំប្លែងថ្មីកូវីដ១៩ ក្នុងពេលឆាប់ៗ ខណៈពិធីបុណ្យ Jewish holiday នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកញ្ញា៕