(ប៉េកាំង)៖ ចិននៅថ្ងៃអង្គារ (ខែកញ្ញា ១២) នេះបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីផែនការរបស់ខ្លួន ក្នុងការធ្វើឱ្យខេត្ត Fujian ភាគអាគ្នេយ៍ក្លាយជាតំបន់សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់ រួមទាំងគំនិតផ្តួចផ្តើមទីផ្សារហិរញ្ញវត្ថុផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ទីក្រុងប៉េកាំងបាននិយាយកាលពីឆ្នាំ២០២០ ថា ខ្លួនគាំទ្រខេត្ត Fujian ក្នុងការស្វែងរកផ្លូវថ្មីមួយសម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរផ្លូវការរបស់ប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថាទីក្រុងប៉េកាំង នឹងលើកទឹកចិត្តក្រុមហ៊ុនតៃវ៉ាន់នៅក្នុងតំបន់ ឱ្យចុះបញ្ជីនៅក្នុងផ្សារហ៊ុនចិនដោយលើកឡើងពីសេចក្តីថ្លែងការណ៍រួម ដែលចេញដោយគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ។

លោកស្រីក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំងនឹងគាំទ្រវិធីច្នៃប្រឌិតថ្មី នៃកិច្ចសហប្រតិបត្តិការមូលធនឆ្លងកាត់ច្រកសមុទ្រ និងលើកទឹកចិត្តដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍សមាហរណកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងវត្តមានយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ហើយដែលទីក្រុងប៉េកាំងនិយាយថា មានគោលបំណងការពារឯករាជ្យភាពរបស់តៃវ៉ាន់។ តៃវ៉ាន់​បដិសេធ​យ៉ាង​ដាច់អហង្ការ ​ចំពោះ​ការទាមទារ​របស់​ចិន​ចំពោះ​អធិបតេយ្យភាពនេះ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនមិនបានបញ្ឈប់ការរៀបចំផែនការសេដ្ឋកិច្ច និងសង្គមរយៈពេលវែងសម្រាប់តៃវ៉ាន់ ដែលខ្លួនស្រមៃថាថ្ងៃណាមួយនឹងត្រូវបាន «បង្រួបបង្រួម» ជាមួយប្រទេសចិន បើទោះបីជាដោយបង្ខំក៏ដោយ៕