(ម៉ានីល)៖ វិទ្យាស្ថានកិច្ចការភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័របានវាយប្រហារខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីននៅយប់ថ្ងៃអង្គារ ទី១២ ខែកញ្ញា នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

វិទ្យាស្ថាន​បាន​ឲ្យ​ដឹង​ថា ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៧៖០៣​នាទី​យប់ (ម៉ោងក្នុងតំបន់)។ ការរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រ ស្ថិតប្រហែល ២៦ គីឡូម៉ែត្រភាគពាយព្យ នៃកោះ Dalupiri ក្នុងទីប្រជុំជន Calayan។

ទោះជាយ៉ាងណា វិទ្យាស្ថាន​បានគូសបញ្ជាក់ថា ការ​រញ្ជួយ​ដី​នេះមិន​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់ ឬ​ការ​ខូចខាត​ឡើយ ។

គួរបញ្ជាក់ថា ប្រជុំកោះហ្វីលីពីន ជួបប្រទះសកម្មភាពរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់វានៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ចំណុចចិញ្ចៀនភ្លើង (Ring of Fire)៕