(វ៉្លាឌីវ៉ូស្តុក)៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការធ្វើទុក្ខបុកម្នេញលើអតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានចេតនាយោបាយនៅពីក្រោយ ហើយវាស្តែងឱ្យឃើញថា ប្រព័ន្ធនយោបាយនៅសហរដ្ឋអាមេរិក មានភាពអាក្រក់ជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងការធ្វើសេចក្តីអត្ថាធិប្បាយមួយ នៅឯវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុងវ៉្លាឌីវ៉ូស្តុក នៃតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី លោក ពូទីន បាននិយាយថា អ្វីដែលកំពុងកើតឡើងនាពេលនេះនៅសហរដ្ឋអាមេរិក បង្ហាញឱ្យឃើញយ៉ាងជាក់ស្តែង នូវភាពស្អុយរលួយនៃប្រព័ន្ធអាមេរិក និងការធ្វើទុក្ខបុកម្នេញលើ គូប្រជែងនយោបាយមួយរូប សម្រាប់តែហេតុផលនយោបាយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនមានប្រជាប្រិយភាពនាំមុខគេ សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្ស​សាធារណរដ្ឋ កំពុងជាប់ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌជាច្រើន ក្នុងនោះរួមមានទាំងការចោទប្រកាន់ថា រូបលោកបានព្យាយាមកែប្រែលទ្ធផល​នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ដែលលោកបានបរាជ័យក្រោមថ្វីដៃរបស់​ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន៕