(ប៉េកាំង)៖ "ការចូលជាសមាជិកនៃក្រុមប្រទេសG20 នឹងលើកកម្ពស់យ៉ាងលេចធ្លោនូវសម្លេង តម្លាភាពនិងឥទ្ធិពលរបស់ទ្វីបអាហ្រ្វិក។" ក្នុងរយៈពេល២៤ម៉ោងកន្លងមក មជ្ឈដ្ឋាននយោបាយនិងមតិសាធារណអាហ្រ្វិកពោរពេញទៅដោយភាពរីករាយ។

ថ្ងៃទី១០ខែកញ្ញា កិច្ចប្រជុំកំពូលG20នៅទីក្រុងញូវដេលីបានបិទបញ្ចប់។ ក្នុងនាមជាលទ្ធផលដ៏សំខាន់មួយនៃកិច្ចប្រជុំ ភាគីនានាបានឯកភាពគ្នាថា នឹងអញ្ជើញសហភាពអាហ្រ្វិកឱ្យចូលជា សមាជិកក្រុមប្រទេសG20ជាផ្លូវការ។ នេះបានបញ្ចប់ប្រវត្តិសាស្រ្តដែលក្នុងយន្តការនេះមាន ប្រទេសអាហ្វ្រិកខាងត្បូងតែមួយគត់បានមកពីទ្វីបអាហ្រ្វិក។ សហភាពអាហ្រ្វិកក៏បានក្លាយជាអង្គការក្នុងតំបន់ទីពីរ ដែលបានចូលជាសមាជិកនៃក្រុមប្រទេសG20 បន្ទាប់ពីសហភាពអឺរ៉ុបផងដែរ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលយូររបស់សហភាពអាហ្រ្វិកនិងបណ្តាប្រទេសអាហ្រ្វិក ហើយក៏មិនអាចឃ្លាតពីការវិវត្តនៃនិម្មាបនកម្មពិភពលោក និងការជំរុញពីកម្លាំងខាងក្រៅដែរ។

សហភាពអាហ្រ្វិកបានបង្កើតឡើងនៅឆ្នាំ២០០២ ហើយត្រូវបានបង្កើតឡើងដោយប្រទេសអាហ្វ្រិកចំនួន៥៥ ដែលប្រកបដោយលក្ខណៈតំណាងយ៉ាងទូលំទូលាយ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហភាពអាហ្រ្វិកបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីតំណាងឱ្យ ​ផលប្រយោជន៍រួមរបស់ទ្វីបអាហ្រ្វិកទាំងមូលបញ្ចេញមតិយោបល់លើឆាកអន្តរជាតិ ហើយបានស្វែងរកការចូលជាសមាជិកនៃក្រុមប្រទេសG20 ដែលជាវេទិកាដ៏សំខាន់សម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចសកល ព្រមទាំងបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល៧ឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅនេះ។

បើសិនជាមើលពីបរិយាកាសខាងក្រៅ ស្របពេលដែលសេដ្ឋកិច្ចអាហ្រ្វិកបានរួមបញ្ចូលជាមួយពិភពលោកជាបន្តបន្ទាប់ កម្រិតនៃការចូលរួមក្នុងកិច្ចការពិភពលោករបស់អាហ្វ្រិកបានកើនឡើងយ៉ាងច្បាស់លាស់។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា ក្នុងដំណើរការជំរុញឱ្យសហភាពអាហ្រ្វិកចូលជាសមាជិកនៃក្រុមប្រទេសG20 ប្រទេសចិនបានដើរតួនាទីយ៉ាងគន្លឹះ។ ក្នុងនាម ជាមិត្តល្អរបស់បណ្តាប្រទេសអាហ្វ្រិក ជានិច្ចកាលភាគីចិនតែងតែគាំទ្រប្រទេសអាហ្វ្រិក និងសហភាពអាហ្វ្រិកក្នុងការដើរតួនាទី កាន់តែធំក្នុងកិច្ចការអន្តរជាតិនិងតំបន់ ផ្តួចផ្តើមឱ្យដោះស្រាយជាអាទិភាពនូវការទាមទារ របស់អាហ្វ្រិកលើបញ្ហាកំណែទម្រង់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយគឺជាប្រទេសដំបូងគេបង្អស់ដែលបង្ហាញ អាកប្បកិរិយាយ៉ាងច្បាស់លាស់ថា គាំទ្រសហភាពអាហ្វ្រិកចូលជាសមាជិកនៃក្រុមប្រទេសG20។

ក្រុមប្រទេសG20 គឺជាវេទិកាសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ នៅពេលដែលសហភាពអាហ្រ្វិកដែលតំណាងឱ្យ ប្រទេសចំនួន៥៥ និងគ្របដណ្តប់ចំនួនប្រជាជនជាង១ពាន់៤រយលាននាក់ ចូលជាសមាជិកនៃក្រុមប្រទេសG20 តើនឹងនាំមកនូវអ្វីដល់អាហ្រ្វិកនិងពិភពលោក?

អាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងគេ ហើយមានសក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ននេះ ទ្វីបអាហ្រ្វិកកំពុងពន្លឿនការកសាងតំបន់ពាណិជ្ជកម្មសេរី។ បន្ទាប់ពីចូលជាសមាជិកនៃក្រុមប្រទេសG20 ក្នុងនាមជាតួអង្គមួយ អាហ្រ្វិកទទួលបាននូវមធ្យោបាយដ៏សំខាន់សម្រាប់ទាក់ទង និងសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាមួយអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក។នេះនឹងមានអំណោយផលដល់ប្រទេសអាហ្រ្វិកក្នុងការទប់ទល់នឹង បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកើនឡើងនៃហានិភ័យបំណុល ការប្រែប្រួលនៃអាកាសធាតុនិងសន្តិសុខស្បៀងអាហារជាដើម។

បើមើលពីរយៈពេលវែង អាហ្រ្វិកមានឧត្តមភាពផ្នែកធនធាន ចំនួនប្រជាជននិងទីផ្សារយ៉ាងធំធេង។ បើសិនជារួមបញ្ចូលជាមួយសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរអាហ្វ្រិកនឹងបញ្ចេញសក្តានុពលអភិវឌ្ឍន៍កាន់តែច្រើន និងជំរុញឱ្យទ្វីបអាហ្វ្រិកសម្រេចបាននូវ《របៀបវារៈឆ្នាំ២០៦៣》របស់សហភាពអាហ្វ្រិកក្នុងពេលឆាប់ៗ។

នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មិនថាដើម្បីសម្រេចបាននូវសន្តិភាពនិងភាពសុខសាន្តត្រាន ឬដើម្បីស្វែងរកការអភិវឌ្ឍប្រកបដោយភាពបរិយាប័ន្នក៏ដោយ ក៏អាហ្រ្វិកសុទ្ធតែជាភាគីមានផលប្រយោជន៍ពាក់ព័ន្ធ ហើយមិនគួរក្លាយជា"ចំណែកភាគច្រើនដែលត្រូវបានមើលរំលង"ទៀតទេ។អាហ្រ្វិកសព្វថ្ងៃនេះមិនត្រូវការ "ពួកអាណានិគម"និង"អ្នកប្រៀនប្រដៅ"ទេ ប៉ុន្តែត្រូវការសមភាពការគោរពនិងកិច្ចសហប្រតិបត្តិការកាន់តែច្រើន។ បើនិយាយក្នុងន័យនេះ ការចូលជាសមាជិកនៃក្រុមប្រទេសG20របស់សហភាពអាហ្រ្វិក គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន