(មូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីចិន លោក ចាង គូឈីង (Zhang Guoqing) បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំឡុងវេទិកាសេដ្ឋកិច្ចបូព៌ាថា ទំនាក់ទំនងរវាងចិន និងរុស្ស៉ី បន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពង្រីកបន្ថែមលើវិស័យថ្មីទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។
លោក ចាង បានគូសបញ្ជាក់ថា ក្រោយយុទ្ធសាស្រ្តរបស់ លោក ស៉ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ភាពជាដៃគូគ្រប់ជ្រុងជ្រោយចិន-រុស្ស៉ី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី គឺកាន់តែស៊ីជម្រៅ ហើយរក្សាបាននូវភាពជឿនលឿនទៅមុខ។ ជាមួយគ្នានេះ ប្រទេសទាំងពីរកំពុងពង្រឹងទំនុកចិត្តខាងផ្នែកនយោបាយទៅវិញទៅមក និងពង្រីកផលប្រយោជន៍រួម។
គួរបញ្ជាក់ថា បើតាមលោក ចាង ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៉ី សម្រេចបានចំនួន ១៥៥.១ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ ដែលកើនឡើង ៣២ភាគរយធៀបនឹងឆ្នាំ ២០២២។ ប្រទេសទាំងពីរ ក៏មានគោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ចំនួន ២០០ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣នេះ៕