(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិករំពឹងថា រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) នឹងអាចធ្វើជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅលើទឹកដីសហរដ្ឋអាមេរិកមុនដំណាច់ឆ្នាំ ២០២៣នេះ ដែលអាចកើតឡើងនៅអំឡុងពេល ឬក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងរៀបចំនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០២៣។

កាលពីសប្តាហ៍មុន កាសែត Wall Street Journal បានរាយការណ៍ថា ចិនគ្រោងនឹងបញ្ជូនអនុប្រធានាធិបតី លោក ហាន ចេង (Han Zheng) ជាជាងបញ្ជូន លោក វ៉ាង មកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួងការបទេសសហរដ្ឋអាមេរិក លោក ម៉ាតស៊ូ មីលលឺ (Matthew Miller) បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនឹងទុកឱ្យរដ្ឋាភិបាលចិនជាអ្នកប្រកាសថា តើលោក វ៉ាង នឹងមក ឬមិនមកចូលរួមមហាសន្និបាត UN ។ ទោះជាយ៉ាងណាក្តី មិនថាវានៅអំលុង UNGA ឬក៏ពេលណាមួយក្រោយ UNGA មុនដំណាច់ឆ្នាំនេះឡើយ គឺយើងនៅមានក្តីរំពឹងថា លោក Blinken និងស្វាគមន៍លោ​ក វ៉ាង យី ដើម្បីបើកកិច្ចប្រជុំទ្វេភាគី នៅសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រមូលផ្តុំទៅដោយមេដឹកនាំ មកពីគ្រប់ទិសទីជុំវិញពិភពលោក នឹងកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សម្តែងការខកចិត្តដោយសារប្រធានាធិបតីចិន លោក ស៉ី ជិនពីង មិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ប៉ុន្តែលោក បៃដិន បានបន្ថែមថា រូបលោកនឹងមានឱកាសជួបលោក ស៉ី នាពេលក្រោយទៀត៕