(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអង្គារនេះ បាននិយាយថា ចិនកំពុងតែពង្រឹងកម្លាំងកងទ័ពជើងអាកាសរបស់ខ្លួន តាមបណ្តោយ​ឆ្នេរដែលស្ថិតនៅទល់មុខកោះតៃវ៉ាន់ ជាមួយការដាក់ពង្រាយយន្តហោះចម្បាំងនិងយន្តហោះដ្រូនថ្មីៗជាអចិន្រ្តៃយ៍ និងការពង្រីកមូលដ្ឋានបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងថា ចិនកំពុងប្រើប្រាស់ការបណ្តុះបណ្តាល និងការ​ហ្វឹកហាត់ប្រយុទ្ធ ដែលកាន់តែជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រឆាំងនឹងកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា «ចិនបាននិងកំពុងសម្រេចការងារពង្រីកមូលដ្ឋានទ័ពអាកាសរបស់ខ្លួន នៅតាមតំបន់បណ្តោយឆ្នេរភាគខាងកើតនិងខាងត្បូង ហើយដាក់ឱ្យ​យន្តហោះចម្បាំងនិងយន្តហោះដ្រូនថ្មីៗ ឈរជើងប្រចាំការជាអចិន្រ្តៃយ៍នៅតាមមូលដ្ឋានទាំងនោះ»។

ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក្រោមហេតុផលជាការឆ្លើយតបចំពោះ អ្វីដែលទីក្រុងប៉េកាំងហៅថា «ការគប់គិតគ្នា» រវាងទីក្រុងតៃប៉ិនិងសហរដ្ឋអាមេរិក និងដើម្បីទប់ស្កាត់ចលនាចង់បានឯករាជ្យ នៅដែនកោះនេះ។ ចិនបានធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ កាលពីខែសីហា ឆ្នាំ២០២២ និង​ជាថ្មីម្តងទៀតកាលពិខែមេសា ឆ្នាំនេះ ហើយយោធាចិនបានបន្តធ្វើប្រតិបត្តិការ សឹងតែរៀងរាល់ថ្ងៃ នៅក្បែរកោះតៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សមាជិកបក្សសាធារណរដ្ឋមួយរូប ដែលជាប្រធានគណៈកម្មាធិការមួយនៃសភាអាមេរិក ទទួលបន្ទុកបញ្ហាចិន បាននិយាយថា ការថយចុះនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសចិន អាចបង្កើនហានិភ័យដែលទីក្រុងប៉េកាំងធ្វើសកម្មភាព​យោធាប្រឆាំងនឹងតៃវ៉ាន់ ខណៈវាគឺជាការយល់ឃើញផ្ទុយគ្នា ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកាលពីចុងសប្តាហ៍កន្លងទៅ បានលើកឡើងថា កត្តាថយចុះសេដ្ឋកិច្ចនេះ នឹងធ្វើឱ្យលទ្ធភាពចិនវាយប្រហារលើកោះតៃវ៉ាន់ មានកម្រិតទាបជាងមុន។ ពាក់ព័ន្ធសម្តីរបស់​លោក បៃដិន មន្រ្តីផ្នែកចារកម្មរបស់តៃវ៉ាន់បាននិយាយថា ការចំណាយលើវិស័យយោធារបស់ចិននៅតែបន្ត ហើយតៃវ៉ាន់អាចមិនទម្លាក់ចោល​ការប្រុងប្រយ័ត្នខ្លួនដាច់ខាត៕