(អង់ការ៉ា)៖ អ្នករុករករូងភ្នំជនជាតិអាមេរិកម្នាក់ ដែលជាប់នៅជម្រៅប្រមាណជាង១,០០០ម៉ែត្រក្នុងរូងភ្នំមួយ នៅភាគខាងត្បូងប្រទេសតួកគី ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ គឺត្រូវបានជួយសង្រ្គោះដោយជោគជ័យចេញពីរូងភ្នំនោះហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះ ដែលបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។
លោក ម៉ាក ឌីកគី (Mark Dickey) ដែលជាអ្នករុករករូងភ្នំមានបទពិសោធម្នាក់ បានស្ថិតក្នុងបេសកកម្មរុករកអន្តរជាតិមួយ ដើម្បីកំណត់ផែនទីនៃរូងភ្នំ ម័រកា (Morca) នៅតំបន់ជួរភ្នំ ធួរើស (Taurus) ភាគខាងត្បូងតួកគី នៅពេលរូបលោកបានធ្លាក់ខ្លួនឈឺធ្ងន់ កាលពីថ្ងៃទី២ ខែកញ្ញា ដោយសារមានអាការៈហូរឈាមចេញពីក្រពះពោះវៀន។ អាជ្ញាធរតួកគីបានឱ្យដឹងថា លោក Dickey ត្រូវបានជួយសង្រ្គោះចេញផុតពីក្នុងរូងភ្នំ Morca កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ ហើយប្រតិបត្តិការជួយសង្រ្គោះ បានបិទបញ្ចប់ទៅដោយជោគជ័យ។ Morca គឺជារូងភ្នំមានជម្រៅបំផុតលំដាប់ទី៣ ប្រចាំនៅប្រទេសតួកគី។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញសរុបជិត២០០នាក់ រួមមានវេជ្ជបណ្ឌិត បុគ្គលិកសង្រ្គោះបន្ទាន់ និងអ្នករុករករូងភ្នំពោរពេញដោយបទពិសោធ មកពីប្រទេសដូចជាប៊ុលហ្ការី ក្រូអាស៉ី ហុងគ្រី អ៉ីតាលី ប៉ូឡូញ និងតួកគី បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ហើយវេជ្ជបណ្ឌិតនិងអ្នកសង្រ្គោះ៣-៤នាក់ បានផ្លាស់វេនគ្នានៅក្បែរលោក Dickey ជាប់រហូតឥតដាច់ អំឡុងកិច្ចប្រឹងប្រែងនាំយករូបលោក ចេញពីជម្រៅជាង១,០០០ម៉ែត្រក្រោមមាត់រូងភ្នំ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន៕