(យ៉េរ៉េវ៉ាន់)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកនិងអាមេនីបានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នា ខណៈវាគឺជាសញ្ញាថ្មីចុងក្រោយ បង្ហាញពីការឃ្លាតឆ្ងាយរបស់ទីក្រុងយ៉េរ៉េវ៉ាន់ ចេញពីដែនឥទ្ធិពលរបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

សមយុទ្ធយោធារួមខាងលើកើតមានឡើង ចំពេលដែលអាមេនីកាន់តែមានការមិនពេញចិត្ត ជុំវិញអ្វីដែលខ្លួនមើលឃើញថា ជាភាពបរាជ័យ​​របស់រុស្ស៉ី ក្នុងការដើរតួនាទីជាអ្នកធានាសន្តិសុខ ចំពោះមុខការកើនឡើងនៃភាពតានតឹងជាមួយអាស៊ែបៃហ្សង់ ដែលជាគូបដិបក្ខយូរអង្វែង​មកហើយរបស់អាមេនី។ សមយុទ្ធយោធា Eagle Partner មានទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមានវត្តមានចូលរួមពីទាហានអាមេរិក៨៥នាក់ និងទាហានអាមេនី១៧៥នាក់ ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែកញ្ញា។

ក្រសួងការពារជាតិអាមេនី បាននិយាយថា ការធ្វើលំហាត់យោធានេះ មានគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នាជាមួយអាមេរិក នៅក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ ចំណែកសហរដ្ឋអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៉ីនតោនមានកិច្ចសហប្រតិបត្តិការសន្តិសុខ​ជាមួយអាមេនីចាប់តាំងពីឆ្នាំ២០០៣មក និងចាត់ទុកសមយុទ្ធយោធាខាងលើ គឺជាលំហាត់យោធាធម្មតាមួយ ដែលមិនមានទាក់ទង​ជាមួយព្រឹត្តិការណ៍ដទៃទៀតឡើយ។

យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំងបានលើកឡើងថា ការសម្រេចចិត្តរបស់អាមេនី មិនចូលរួមធ្វើសមយុទ្ធយោធា ជាមួយអង្គការសន្តិសុខ CSTO ដែលដឹកនាំដោយទីក្រុងមូស្គូ ហើយបែរជាទៅធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកវិញនោះ គឺតម្រូវឱ្យរុស្ស៉ីធ្វើការការវិភាគយ៉ាងស៉ីជម្រៅមួយ។ កាលពីសប្តាហ៍មុន រុស្ស៉ីក៏បានកោះហៅអគ្គរដ្ឋទូតអាមេនី ដើម្បីបង្ហាញការមិនពេញចិត្ត ចំពោះសកម្មភាពហាក់មិនប្រកាន់លក្ខណៈជាមិត្តមួយចំនួន ដែលទីក្រុងយ៉េរ៉េវ៉ាន់បាននិងកំពុងធ្វើផងដែរ៕