(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយថា រដ្ឋបាលលោក បៃដិន ជិតឈានដល់ការអនុម័តបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោម ទៅឱ្យ អ៊ុយក្រែន ដែលនឹងផ្ដល់ឱ្យទីក្រុងកៀវ នូវសមត្ថភាពបង្កការខាតបង់ធ្ងន់ធ្ងរដល់ទាហានរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមមន្រ្តីអាមេរិក បាននិយាយថា ដោយមើលឃើញពីប្រសិទ្ធភាពនៃគ្រាប់បែកចង្កោមសម្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលអ៊ុយក្រែនប្រើក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងពិចារណាលើការបញ្ជូនប្រព័ន្ធមីស៉ីលតាក់ទិក ATACMS ដែលអាចបាញ់ក្នុងរយៈចម្ងាយ ៣០៦គីឡូម៉ែត្រ ឬប្រព័ន្ធមីស៊ីល GMLRS រយៈចម្ងាយ ៧២គីឡូម៉ែត្រផ្ទុកដោយគ្រាប់បែកចង្កោម។ ប្រសិនបើត្រូវបានអនុម័តលើជម្រើសណាមួយ នឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័ស ទៅកាន់ទីក្រុងកៀវ។ យ៉ាងនេះក្តី សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Reuters។

គួរបញ្ជាក់ថា ប្រព័ន្ធអាវុធដែលអ៊ុយក្រែនកំពុងប្រើបច្ចុប្បន្ន មានកាំភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលអាចបាញ់បានមានចម្ងាយអតិបរមា ២៩គីឡូម៉ែត្រ ផ្ទុកគ្រាប់បែក ៤៨គ្រាប់។ ប៉ុន្តែ ប្រព័ន្ធមីស៉ីល ATACMS នឹងអាចបំពាក់គ្រាប់បែកចង្កោមប្រហែល ៣០០គ្រាប់ ឬច្រើនជាងនេះ។ រីឯ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត GMLRS កំណែថ្មី ដែលអ៊ុយក្រែនមាននៅក្នុងឃ្លាំងអាវុធរបស់ខ្លួនអស់ជាច្រើនខែ អាចបំពាក់គ្រាប់បែកចង្កោមបានរហូតដល់ ៤០៤គ្រាប់៕