(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះបាននិយាយថាលោកបានអំពាវនាវឱ្យចិនដើរតួនាទី ប្រកបដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នៅពេលដែលលោកបានជួបជាមួយ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមលោក យូន លោកផ្ទាល់ប្រាប់លោក លី ថាកូរ៉េខាងជើងមិនគួរក្លាយជារនាំងពាំងផ្លូវ នៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយចិននោះទេ ខណៈទីក្រុង ព្យុងយ៉ាង បង្កការគំរាមកំហែងដល់កូរ៉េខាងត្បូង។ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផ្សាយតាមទូរទស្សន៍ លោក យូន បានកត់សម្គាល់ដូច្នេះថា «ជាការកត់សម្គាល់ថាទំនាក់ទំនងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កាន់តែរឹងមាំឡើង នៅចំពោះមុខបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែមាន សភាពធ្ងន់ធ្ងរដែរនោះ ខ្ញុំបានស្នើឱ្យចិនដើរតួនាទីប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើង និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា បើតាមលោក យូន ស៊ុកយុល លោក និងលោក លី ឈាង ក៏បានបង្ហាញការគាំទ្រផងដែរដល់ផែនការនៃការចាប់ផ្ដើមកិច្ចប្រជុំត្រីភាគី ឡើងវិញក្នុងឆ្នាំនេះ ដោយមានការចូលរួមពីជប៉ុនដែរ៕