(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ (ម៉ោងក្នុងតំបន់) បានគំរាមថានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើទណ្ឌកម្មដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្ន ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានផ្គត់ផ្គង់អាវុធឱ្យទីក្រុងមូស្គូ សម្រាប់បំប៉នសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិក នឹងឱ្យក្រុមហ៊ុន ឬអង្គភាពទាំងឡាយណាដែលហ៊ានជួយ ឬក៏ ផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីទទួលខុសត្រូវ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Miller បានបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងរំឮកប្រទេសទាំង២ (កូរ៉េខាងជើង និងរុស្ស៉ី) ឡើងវិញថារាល់ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅកាន់រុស្ស៉ី នឹងក្លាយជាទង្វើបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

លោកបន្តថា «ជាការពិតណាស់ យើងបាន និងកំពុងពង្រឹងទណ្ឌកម្មរបស់យើងប្រឆាំងនឹងក្រុមហ៊ុន ឬអង្គភាពដែលផ្ដល់ការគាំទ្រដល់សង្រ្គាមឈ្លានពានរបស់ រុស្ស៉ី ហើយយើងនឹងបន្តពង្រឹងទណ្ឌកម្មទាំងនោះ ក៏ដូចជានឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែម ប្រសិនបើចាំបាច់»

គួរបញ្ជាក់ថា វិមានក្រឹមឡាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានទទួលស្គាល់រៀងៗខ្លួនថាលោក គីម ជុងអ៊ុន ពិតជាកំពុងធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯ ទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាលោក ពូទីន កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង សម្រាប់យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកបច្ចេកវិទ្យាទំនើបៗសម្រាប់ការអភិវឌ្ឍផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជំនួយស្បៀងអាហារ៕