(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថារថភ្លើងពាសដែករបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លងព្រំដែនចូលទៅ ក្នុងទឹកដីរុស្ស៉ីហើយ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ មុននឹងត្រូវចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិជឿជាក់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរចូលទៅក្នុងទឹកដីរុស្ស៉ីហើយនៅព្រឹកនេះ (ថ្ងៃអង្គារ) តាមរថភ្លើងឯកជនមួយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានទទួលស្គាល់ រៀងៗខ្លួនថាលោក គីម ជុងអ៊ុន ពិតជាកំពុងធ្វើដំណើរតាមរថភ្លើងពាសដែកទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯ ទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។
បើតាម KCNA លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីកូរ៉េខាងជើងតាមរថភ្លើងពាសដែក កាលពីរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមកម្ល៉េះ និងត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សពលករ រដ្ឋាភិបាល និងយោធាកូរ៉េខាងជើង៕