(បរទេស)៖ ប្រភពពីកាសែត Wall Street Journal បានឱ្យដឹងថា Meta Platform Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងធ្វើការលើគម្រោង AI ថ្មីមួយដែលមានឈ្មោះថា Project Camber ហើយវានឹងមានសមត្ថភាពខ្លាំងដូចទៅនឹងគំរូ AI ជំនាន់ចុងក្រោយបង្អស់ដែលបង្កើតឡើងដោយ OpenAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងទៀតថា Meta មានបំណងចង់ឱ្យគំរូ AI ថ្មីរបស់ខ្លួនរួចរាល់នៅឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការបង្កើនគុណភាពផលិតមានថាមពលខ្លាំងជាងកំណែ AI ពាណិជ្ជកម្ម បច្ចុប្បន្នរបស់ខ្លួនដែលមានឈ្មោះថា LIama 2 ច្រើនដងឯណោះ។ LIama 2 គឺជាគំរូភាសា AI ដែល Meta បានចាប់ផ្តើមដាក់ដំណើរការជាផ្លូវការនៅអំឡុងខែកក្កដាកន្លងទៅថ្មីៗនេះ ដែលត្រូវបានចូលរួមសហការដោយសេវាកម្ម cloud Azure របស់ Microsoft ក្នុងការជួយជម្រុញការប្រកួតប្រជែងជាមួយនឹង ChatGPT របស់ OpenAI និង Bard របស់ Google។

គំរូ AI ថ្មីនេះត្រូវបានគេរំពឹងថា វានឹងមានសមត្ថភាពសរសេរអត្ថបទ បកប្រែភាសា ផលិតមាតិកា និងអាចឆ្លើយសំណួររបស់អ្នកប្រើប្រាស់បានជាច្រើនថែមទៀតផង។

គួរជម្រាបដែរថា Meta មានគម្រោងចាប់ផ្តើមធ្វើការបណ្តុះបណ្តាលទៅលើដំណើរការ AI ថ្មីគម្រោង Project Camber នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ នេះមានន័យថា គំរូ AI អាចនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំក្រោយនេះតែម្តង ហើយជាក៏ការប្រកាសពីការប្រកួតប្រជែងដ៏ធំមួយដល់ក្រុមហ៊ុនផលិត AI អាមេរិកដូចគ្នាដូចជា OpenAI និង Google ជាដើម៕