(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះបានទទួលស្គាល់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាកំពុង ធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាលោក ពូទីន កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង សម្រាប់យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកបច្ចេកវិទ្យាទំនើបៗសម្រាប់ការអភិវឌ្ឍផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជំនួយស្បៀងអាហារ។

បើតាម KCNA​ លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីកូរ៉េខាងជើងតាមរថភ្លើងពាសដែក កាលពីរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមកម្ល៉េះ ដើម្បី ធ្វើទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៉ី និងត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សពលករ រដ្ឋាភិបាល និងយោធាកូរ៉េខាងជើង។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើរថភ្លើងពាសដែកលោក គីម ធ្វើដំណើរទៅដល់ណា ឬក៏បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៉ីហើយឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា វិមានក្រឹមឡាំងក៏បានទទួលផងដែរពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ដែលនឹងត្រូវជួបលោក ពូទីន នៅឯ ទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ៕