(បាងកក)៖ ប្រទេសថៃ នឹងផ្តល់រូបិយប័ណ្ណឌីជីថលចំនួន ៥៦០ពាន់លានបាត ឬស្មើនឹង ១៦ពាន់លានដុល្លារ ដល់មនុស្សពេញវ័យចំនួន ៥៥លាននាក់ ក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីជំរុញតម្រូវការ និងការវិនិយោគក្នុងស្រុក ខណៈដែលនាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin មានគោលបំណងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះ ជាអាទិភាពរបស់រដ្ឋាភិបាលរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ជនជាតិថៃទាំងអស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ នឹងទទួលបានរូបិយប័ណ្ណឌីជីថលចំនួន ១០,០០០បាតក្នុងម្នាក់ៗ (ប្រហែល ២៨០ដុល្លារអាមេរិក) ដែលអាចប្រើដើម្បីទិញទំនិញ និងសេវាកម្មជាក់លាក់នៅក្នុងសង្កាត់របស់ខ្លួន ក្នុងរយៈពេលជាក់លាក់មួយ។

ថ្លែងនៅក្នុងក្នុងសេចក្តីថ្លែងការណ៍ស្តីអំពីគោលនយោបាយ របស់រដ្ឋាភិបាលលោកទៅកាន់សភានៅថ្ងៃចន្ទនេះ លោកបានមានប្រសាសន៍ដូច្នេះថា «ការផ្តល់រូបិយប័ណ្ណឌីជីថលចំនួន ១០,០០០បាតក្នុងម្នាក់ៗ ទៅកាន់ស្រុកផ្សេងៗនៅកម្រិតមូលដ្ឋាន នឹងជំរុញសេដ្ឋកិច្ច បង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក៏នឹងទទួលបានប្រាក់ចំណូលផងដែរ»។

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃរូបនេះ ក៏បានសន្យានឹងកាត់បន្ថយតម្លៃថាមពលក្នុងពេលឆាប់ៗនេះ និងផ្តល់ការផ្អាកបំណុលដល់កសិករ និងអាជីវកម្មខ្នាតតូចដែលប្រឈមនឹងបន្ទុកប្រាក់កម្ចីផងដែរ។

កិច្ចប្រជុំការងារលើកដំបូងរបស់រដ្ឋាភិបាល លោក Srettha នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងអាចមានការចុះហត្ថលេខាលើវិធានការមួយចំនួន ដែលបានលើកឡើងដោយនាយករដ្ឋមន្ត្រីនៅក្នុងសភានៅថ្ងៃនេះ។

គួរបញ្ជាក់ថា​ កម្មវិធីកាបូបឌីជីថល ឬផ្តល់រូបិយប័ណ្ណឌីជីថលដល់ប្រជាជននេះ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងត្រីមាសទី១ គឺជាការសន្យាដ៏សំខាន់ដែលធ្វើឡើងដោយគណបក្សភឿថៃរបស់ លោក Sritha មុនពេលការបោះឆ្នោត៕