(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាបានបញ្ចប់ គ្រាដែលរុស្ស៊ីនិងសហរដ្ឋអាមេរិកបាន សាទរនឹងការចេញសេចក្តីថ្លែងការណ៍រួមក្នុងក្រុងញូដេល្លី។ រុស្ស៊ីបានព្រមានមុននេះថា គេនឹង រារាំងការចេញសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល G20 បើសិនណាជាសេចក្តីថ្លែងការណ៍ នោះ មិនឆ្លុះបញ្ចាំងពីជំហររបស់ក្រុងម៉ូស្គូចំពោះបញ្ហាអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមនោះ ចុងបំផុត មិនបានសរសេរការថ្កោលទោសដល់រុស្ស៊ីក្នុងបញ្ហាសង្គ្រាមអ៊ុយក្រែនឡើយ។ សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា ក៏បានសាទរលើសេចក្តីថ្លែងការណ៍រួមនោះផងដែរ។ ហេតុអ្វី?
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសាទរចំពោះសេចក្តីប្រកាសរួមដែល ចេញដោយមេដឹកនាំ G20 នៅទីក្រុងញូដេល្លី ដែលជៀសវាងការរិះគន់រដ្ឋាភិបាលក្រុងម៉ូស្គូ ចំពោះជម្លោះរបស់ខ្លួននៅអ៊ុយក្រែន។
មុនកិច្ចប្រជុំ G20 ដែលចូលរួមដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ហាអ៊ុយក្រែន គឺជាការផ្តោតយកចិត្តទុកដាក់សំខាន់មួយរបស់កិច្ចប្រជុំ នៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០របស់សកលលោកនេះ។
សេចក្តីរាយការណ៍បានបង្ហាញថា ច្រើនសប្តាហ៍មុនកិច្ចប្រជុំកំពូល G20 បានប្រព្រឹត្តទៅនោះ, ក្រុមប្រទេសលោកខាងលិចបានទាមទារឱ្យប្រទេសជាសមាជិកក្នុងក្រុមប្រទេស G20 ត្រូវចាត់ទុកអំពើរបស់រុស្ស៊ីគឺជាអំពើឈ្លានពាន។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលតំណាងរដ្ឋាភិបាលរុស្ស៊ីរបស់លោកពូទីន បានថ្លែងព្រមានមុនទុកជាមុនថា រុស្ស៊ី នឹងរារាំងការចេញសេចក្តីប្រកាសចុងក្រោយនៃកិច្ចប្រជុំកំពូលនេះ បើសិនជាសេចក្តីថ្លែង ការណ៍នោះមិនឆ្លុះបញ្ចាំងពីជំហររបស់ក្រុងម៉ូស្គូចំពោះបញ្ហាអ៊ុយក្រែន និងវិបត្តិផ្សេងៗទៀតឡើយ។
រុស្ស៊ីមុននេះត្រូវគេរាយការណ៍ថា នឹងមិនរំពឹងថានឹងមានមតិឯកភាពគ្នាយ៉ាងរបៀបនេះឡើយ ប៉ុន្តែក្រោយមានការចេញសេចក្តីប្រកាសរួមនេះមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាន ចាត់ទុកឃ្លាដែលបានសរសេរក្នុងកិច្ចព្រមព្រៀង ដែលមិនថ្កោលទោសរុស្ស៊ីនោះថាវាជា «ជំហានក្នុងទិស ដៅដ៏ត្រឹមត្រូវ»។
សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ G20 ក្នុងក្រុងញូដេល្លី គ្រាន់តែបានសរសេរថ្កោល ទោសចំពោះការប្រើប្រាស់កម្លាំង ដើម្បីការគ្រប់គ្រងទឹកដី ប៉ុន្តែមិនបាននិយាយអំពីការឈ្លាន ពានរបស់រុស្ស៊ីឡើយ ដែលសេចក្តីថ្លែងការណ៍នោះបានធ្វើឱ្យអ៊ុយក្រែនរិះគន់។
សេចក្តីថ្លែងការណ៍របស់ G20 បានដកស្រង់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយនិយាយថា «រដ្ឋទាំងអស់ត្រូវតែជៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងដើម្បីស្វែងរក ការទទួលបាននូវទឹកដី ដែលប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាព ឬឯករាជ្យភាព នយោបាយនៃរដ្ឋណាមួយ។ ការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ»។
បើប្រៀបធៀបនឹងសេចក្តីថ្លែងការណ៍ចាស់ដែលបានធ្វើនៅក្នុងប្រទេសឥណ្ឌូណេស៊ី សេចក្តី ថ្លែងការណ៍របស់ G20 នាពេលនោះបានថ្កោលទោស «អំពើឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន» និងបន្ថែមទៀតក្នុងពេលនោះថា «សមាជិកភាគច្រើនថ្កោលទោសយ៉ាងខ្លាំងក្លា» សង្គ្រាមក្នុងទឹកដីអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រទេស G20 ក្នុងប្រទេស ឥណ្ឌាមានភាពខុសគ្នានឹងសេចក្តីថ្លែងការណ៍ចាស់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានថ្លែងថា «យើងអាចរារាំងកិច្ចប្រឹងប្រែង របស់ប្រទេសលោកខាងលិច ដែលចង់យករឿងអ៊ុយក្រែនមកបង្កជាបញ្ហាក្នុងកិច្ចប្រជុំកំពូល G20 នោះ»។
សាស្ត្រាចារ្យនៃសាលា S. Rajaratnam School of International Studies នៃប្រទេសសឹង្ហបុរី លោក Nazia Hussain បានថ្លែងថាសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូល G20 បានបង្ហាញនូវ «ការបន្ទន់ភាសាលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន»។
លោកបន្តថា «សម្រាប់រដ្ឋាភិបាលឥណ្ឌា ការដកចេញភាសារិះគន់ពីសេចក្តីថ្លែងការណ៍រួម មួយដែលមានហេតុសំអាងខ្លះក្នុងរឿងអ៊ុយក្រែន…ឬសេចក្តីថ្លែងការណ៍រួមមួយដែលមាន ពាក់ព័ន្ធដល់សហរដ្ឋអាមេរិក, ប្រទេសលោកខាងលិច ក៏ដូចជាប្រទេសចិននិងរុស្ស៊ីក្នុងបញ្ហា សង្គ្រាមក្នុងអ៊ុយក្រែននេះ វាគឺជាជោគជ័យមួយ។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ បានទទួលយកសមាជិកថ្មីជាផ្លូវការមួយដើម្បីចូលក្នុងក្រុមប្រ ទេសG20 នោះគឺការទទួលសហភាពអាហ្វ្រិក the African Union ដែលសារុបមានសមាជិកពី ប្លុករបស់ខ្លួនចំនួន៥៥ប្រទេស។
មន្ត្រីរុស្ស៊ីម្នាក់ដែលចូលរួមឈ្មោះ Svetlana Lukash បាននិយាយថា «នេះគឺជាកិច្ចប្រជុំកំពូល G20 ដ៏លំបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រជិត20 ឆ្នាំរបស់ខ្លួន ដោយសារវាត្រូវចំណាយពេលជិត ២០ ថ្ងៃដើម្បីរកការយល់ព្រម លើសេចក្តីប្រកាសរួមមុនកិច្ចប្រជុំកំពូល និងរយៈពេល ប្រាំថ្ងៃ ដ៏លំបាកនៅក្នុងប្រទេសឥណ្ឌានេះទៀត»។
លោកស្រីបានបន្តថាបញ្ហាមិនត្រូវគ្នានោះ មិនមែនត្រឹមតែលើបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ, វាក៏
ដោយសារតែមានគោលជំហរលើបញ្ហាសំខាន់ៗមួយចំនួនដូចជាបញ្ហាកត្តាប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មទៅជាប្រព័ន្ធថាមពលកាបូនទាប ជាដើម។
មន្ត្រីសហភាពអឺរ៉ុបម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយកាលពីថ្ងៃអាទិត្យថា សង្គ្រាមអ៊ុយក្រែន គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុតក្នុងការចរចា។
មន្ត្រីដដែលបាននិយាយថា «បើគ្មានការដឹកនាំរបស់ឥណ្ឌា វានឹងមិនអាចទៅរួចទេ»។ លោក បានបន្ថែមថាប្រទេសប្រេស៊ីល និងប្រទេសអាហ្វ្រិកខាងត្បូងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សារភ្ជាប់ភាពខុសគ្នាទាំងនេះដើម្បីឱ្យមានការយល់ស្របគ្នាចុងក្រោយផងដែរ។
សហរដ្ឋអាមេរិកកោតសរសើរលើសេចក្តីប្រកាសរួម G20 សហរដ្ឋអាមេរិក ក៏បានកោតសរសើរលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល G20 ក្នុងប្រ ទេសឥណ្ឌានោះផងដែរ បើទោះបីជាសេចក្តីថ្លែងការណ៍រួមនោះមិនបានថ្កោលទោសរុស្ស៊ី លើការឈ្លានពានអ៊ុយក្រែនក៏ដោយ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីប្រកាសនេះ «ធ្វើការងារបានល្អណាស់ក្នុងការឈរលើគោលការណ៍ ដែលបណ្តាប្រ ទេសនានាមិនអាចប្រើកម្លាំង ដើម្បីស្វែងរកការទទួលបានទឹកដី ឬរំលោភលើបូរណភាពទឹកដី និងអធិបតេយ្យភាព ឬឯករាជ្យភាពនយោបាយនៃប្រទេសផ្សេងទៀត»។
ប្រទេសអាល្លឺម៉ង់ និងប្រទេសអង់គ្លេសក៏បានសរសើរលើខ្លឹមសារ នៃសេចក្តីថ្លែងការណ៍នេះផងដែរ ប៉ុន្តែអ៊ុយក្រែនបានរិះគន់ចំពោះសេចក្តីប្រកាសរួមនោះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងថាសេចក្តីថ្លែងការណ៍នេះ បានថ្កោល ទោសផលប៉ះទង្គិចនៃសង្គ្រាមអ៊ុយក្រែនដោយសារតែរុស្ស៊ី។ នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា កិច្ចប្រជុំកំពូល G20 គឺជាការជួបប្រជុំដែលមានប្រទេសនានាបានចូលរួមជាច្រើន និងបណ្តាប្រទេសទាំងនោះក៏មិនមានចែករំលែកនូវតម្លៃរួមដូចៗគ្នាផងដែរ…ប៉ុន្តែកិច្ចប្រជុំកំពូល G20 នៅតែបានប្រមូលផ្តុំអ្នកទាំងនោះបានជួបជុំគ្នា និងបាន ចេញផ្សាយការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះផលប៉ះទង្គិច នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ស្តីពីបញ្ហាតម្លៃស្បៀង, សន្តិសុខថាមពល…ហើយអ្វីទាំងនេះដែលខ្ញុំចង់បញ្ហាក់ថា ខ្ញុំរីករាយ នឹងឃើញការសរសេរត្រង់នេះក្នុងសេចក្តីថ្លែងការណ៍…ហើយនេះជាអ្វីដែលខ្ញុំចាត់ទុកថាវា សម្តីដ៏ខ្លាំងរំលេចក្នុងសេចក្តីថ្លែងការណ៍នេះ ដែលបង្ហាញនូវការឈឺចាប់ដែលសង្គ្រាមបានបង្ក ឥទ្ធិពលប៉ះពាល់លើតម្លៃស្បៀងអាហារ និងការចាំបាច់ដែលរុស្ស៊ីត្រូវចូលរួមសាឡើងវិញកិច្ច ព្រមព្រៀងធញ្ញជាតិរបស់ឈូងសមុទ្ទខ្មៅនិងគំនិតផ្តួចផ្តើម និងការបញ្ឈប់ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានសរសេរក្នុងបណ្តាញសង្គមនិយាយថា សេចក្តីប្រកាសរួមនោះគ្មានអ្វីគួរជាទីមោទកភាពឡើយ។
បន្ទាប់ពីប្រទេសឥណ្ឌា, ប្រទេសប្រេស៊ីលនឹងក្លាយជាប្រទេសធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រគល់ញញួរ ដល់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្រោយកិច្ចប្រជុំកំពូល G20 បានបញ្ចប់កាលពីថ្ងៃអាទិត្យ។
លោក Joe Biden ត្រូវគេរាយការណ៍ថា លោកបានចាកចេញទៅប្រទេសវៀតណាមដោយមិន បានចូលរួមក្នុងវគ្គចុងក្រោយមួយ នៃកិច្ចប្រជុំកំពូលនៅក្នុងប្រទេសឥណ្ឌានោះឡើយ។
មន្ត្រីសេតវិមានបាននិយាយថា គេមិនបានដឹងអំពីលោកចូបៃដិន មានកិច្ចពិភាក្សាណាមួយជា មួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ឬជាមួយនាយករដ្ឋមន្ត្រីចិនលីឈាង Li Qiang ដែលបានដឹកនាំគណៈប្រតិភូប្រទេសរបស់គេនៅក្នុងកិច្ចប្រជុំកំពូលនោះឡើយ។
សេចក្តីរាយការណ៍បានបង្ហាញថា ក្នុងឱកាសចូលរួមកិច្ចប្រជុំ G20 លើទឹកដីឥណ្ឌានោះ មេដឹក នាំអាមេរិកត្រូវគេឃើញថា បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ខណៈការរំពឹង មុននេះថា នឹងបានជួបប្រធានាធិបតីចិនលោកស៊ីជីនពីន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនបានចូល រួមក្នុងកិច្ចប្រជុំកំពូលនោះឡើយ ប៉ុន្តែបានបញ្ជូនមន្ត្រីជាន់ខ្ពស់ជាតំណាងក្នុងការចូលរួម។
ជំនួបរវាងលោក ចូ បៃដិន ជាមួយនឹងនាយករដ្ឋមន្ត្រីចិនក្នុងក្រុងញូដេល្លីមុនពេលដែលលោក បានចាកចេញទៅប្រទេសវៀតណាមនោះ ក៏ត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំកំពូលមួយផងដែរ។ លោកចូបៃដិន បានថ្លែងថាជំនួបរវាងលោកជាមួយនឹងនាយករដ្ឋមន្ត្រីចិននោះ គឺផ្តោត លើស្ថិរភាពអឌ្ឍគោលខាងត្បូង…វាមិនមែនជាការប្រឈមមុខដាក់គ្នាឡើយ៕