(វ្ល៉ាឌីវ៉ូស្តុក)៖ អ្នកស្រុកនៅក្នុងកំពង់ផែប៉ាស៊ីហ្វិករបស់រុស្ស៊ីបាននិយាយថា ការតុបតែងដោយផ្កាយនៅតាមដងផ្លូវនានា ទំនងជាសម្រាប់ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដែលសហរដ្ឋអាមេរិកបារម្ភថា វាអាចនាំឱ្យមានការផ្គត់ផ្គង់អាវុធបន្ថែមទៀត ដល់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ដំណើរ​ទស្សនកិច្ច​របស់​ លោក គីម ជុងអ៊ុន មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ឡើយ​ទេ។ កាសែត New York Times ដែលជាអ្នករាយការណ៍ដំបូងគេបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ដំណើរនេះអាចទៅរួចដោយផ្អែកលើប្រភពមិនស្គាល់អត្តសញ្ញាណមួយ។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​កូរ៉េ​ខាងជើង និង​រុស្ស៊ី​នៅ​ស្ងៀម។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនមានអ្វីត្រូវនិយាយទេលើបញ្ហានេះ ទោះបីជាប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចមួយ នៅកំពង់ផែរុស្ស៊ីប៉ាស៊ីហ្វិកនៃទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) ចម្ងាយ ៦.៥០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូ។

ប្រភព​មួយ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា​ដំណើរ​ទស្សនកិច្ច​របស់​ លោក គីម ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណមួយចំនួនដែលនិយាយថា លោក គីម គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅភាគចុងបូព៌ា នៃប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ។

ដោយចំណែកទូរទស្សន៍កូរ៉េខាងត្បូង YTN បានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលដូច្នេះថា លោក គីម ទំនងជាបានចាកចេញទៅប្រទេសរុស្ស៊ីហើយនៅថ្ងៃចន្ទតាមរថភ្លើង។

គួរបញ្ជាក់ថា បើទោះបីជានៅទីក្រុង Vladivostok មានវត្តមានប៉ូលិសច្រើនជាងធម្មតានៅតាមដងផ្លូវ ប៉ុន្តែមិនមានទង់ជាតិកូរ៉េខាងជើងត្រូវបានលើកទេ មិនដូចកាលពីលើកមុននៅពេលដែលទីក្រុងនេះ ត្រូវបានតុបតែងដោយផ្កាយប្រាំពណ៌ក្រហម ដែលតុបតែងទង់ជាតិរបស់ប្រទេសកុម្មុយនិស្តនោះទេ។

នៅថ្ងៃចន្ទនេះផងដែរ លោក ពូទីន ទើបតែធ្វើដំណើរទៅដល់ទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៃតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៉ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា។ មេដឹកនាំទាំងពីរ​ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំជាមួយគ្នានៅទីក្រុងនោះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់រុស្ស៉ីជាមួយកូរ៉េខាងជើងឡើយ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ច្បាស់ថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង តាំងពីពេលណានោះទេ៕