(ប្ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk នៅថ្ងៃចន្ទនេះបានថ្កោលទោស ឧប្បត្តិហេតុជាបន្តបន្ទាប់ដែលបានឃើញការដុតគម្ពីរ Qur’an នៅអឺរ៉ុបកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Türk ក៏បានអំពាវនាវឱ្យ «រក្សាសេចក្តីថ្លៃថ្នូររបស់មនុស្ស» ផងដែរ។
ការថ្លែងរបស់លោកបានធ្វើឡើង ក្នុងពេលបើកសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ក្រុមប្រឹក្សាត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានៃការដុតគម្ពីរបរិសុទ្ធរបស់ជនមូស្លីមនេះ នៅថ្ងៃទី ៦ ខែតុលា។
គួរបញ្ជាក់ថា ប្រទេសដាណឺម៉ាក និងស៊ុយអែតបានឃើញការតវ៉ាជាច្រើនក្នុងខែកក្កដា ដែលច្បាប់ចម្លងនៃគម្ពីរគម្ពី Qur’an ត្រូវបានដុត ឬបំផ្លាញ ដែលបង្កឱ្យមានកំហឹងនៅក្នុងប្រទេសមូស្លីម ដែលទាមទារឱ្យរដ្ឋាភិបាល Nordic បញ្ឈប់សកម្មភាពទាំងនេះបន្ទាន់។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួន រួមទាំងការស្អប់ខ្ពើមសាសនា ការមើលងាយចំពោះភេទ និងទម្រង់នៃការមិនអត់ឱនដែលពាក់ព័ន្ធ ដែលបង្កើតជាការញុះញង់ឱ្យមានការរើសអើង ក៏ដូចជាប្រធានបទផ្សេងទៀតដែលទាក់ទងនឹងសិទ្ធិមនុស្សផងដែរ៕