(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាបានចាប់ផ្តើមចេញដំណើរ ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ីហើយ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។ ​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពខាងលើបាននិយាយថា លោក គីម ហាក់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ ព្រំប្រទល់ភាគឦសានរបស់ប្រទេសកូរ៉េខាងជើង តាមរយៈរថភ្លើងពិសេសមួយគ្រឿង ហើយកិច្ចប្រជុំកំពូលរវាងលោកនិងលោក ពូទីន អាចនឹងប្រព្រឹត្តទៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ នៅថ្ងៃចន្ទនេះ លោក ពូទីន ទើបតែធ្វើដំណើរទៅដល់ទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៃតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៉ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា។ មេដឹកនាំទាំងពីរ​ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំជាមួយគ្នានៅទីក្រុងនោះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់រុស្ស៉ីជាមួយកូរ៉េខាងជើងឡើយ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ច្បាស់ថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង តាំងពីពេលណានោះទេ។

គួរបញ្ជាក់ថា បើជាការពិត វានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់ សម្រាប់លោក គីម ជុងអ៊ុន ក្នុងរយៈពេលជាង៤ឆ្នាំ និងជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតសកលកូវីដ១៩។ ដំណើរបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក គីម នៅឯក្រៅប្រទេស គឺកាលពីឆ្នាំ២០១៩ នៅពេលដែលរូបលោកបានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូល​លើកទីមួយ ជាមួយលោក ពូទីន ក្រោយការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ពេលនោះ លោក គីម ក៏បានជិះរថភ្លើងពិសេសរបស់លោកផងដែរ ដោយប្រើពេលធ្វើដំណើរប្រហែល២០ម៉ោង៕