(កៀវ)៖ នៅថ្ងៃចន្ទនេះ អ៊ុយក្រែនអះអាងថាដណ្តើមបានទឹកដីបន្ថែមទៀតមកវិញ នៅសមរភូមិជួរមុខភាគខាងកើត និងភាគខាងត្បូង ក្នុងប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោកស្រី ហាន់ណា ម៉ាលីអារ (Hanna Maliar) បានឲ្យដឹងថា កាលពីសប្តាហ៍មុន កងកម្លាំងទីក្រុងកៀវដណ្តើមបានមកវិញនូវផ្ទៃដីជិត ២គីឡូម៉ែត្រក្រឡាដែលនៅជុំវិញទីក្រុងបាកមូត ភាគខាងកើត ដោយចាប់យកបានភូមិមួយក្នុងទីក្រុងអៅឌីវកា (Avdiivka) និងភូមិមួយទៀតក្នុងតំបន់ដូណេត (Donetsk)។ នៅឯភាគខាងត្បូងវិញ អ៊ុយក្រែនដណ្តើមបាននូវផ្ទៃដី ១.៥គីឡូម៉ែត្រក្រឡា ជាកន្លែងដែលកងកម្លាំងកំពុងព្យាយាមឆ្ពោះទៅកាន់សមុទ្រអាហ្សូវ (Azov) ដោយការវាយបំបែកខ្សែការពាររបស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្រ្តីការពារជាតិរូបនេះ ក្នុងប្រតិបត្តិការវាយបករយៈពេល ៣ខែមកនេះ កងកម្លាំងអ៊ុយក្រែនរំដោះផ្ទៃដីបាន ៤៩គីឡូម៉ែត្រក្រឡានៅជិតទីក្រុងបាកមូត ប៉ុន្តែទីវាលពោរពេញដោយមីន និងលេណដ្ឋានដ៏ធំរបស់រុស្ស៉ី នៅតែជាឧបសគ្គធំសម្រាប់អ៊ុយក្រែន៕