(ព្រុចសែល)៖ មេដឹកនាំនៃគណបក្សប្រឆាំងធំជាងគេរបស់ឥណ្ឌា បាននិយាយថា គម្រោងរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងការផ្លាស់ប្តូរឈ្មោះប្រទេសទៅជា Bharat គឺជារឿងមិនទំនងទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុងព្រុចសែល អំលុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅតំបន់អឺរ៉ុប លោក រ៉ាហ៊ូល ហ្កាន់ឌី (Rahul Gandhi) ដែលជាមេដឹកនាំគណបក្ស Congress បាននិយាយយ៉ាងដូច្នេះថា «លោក ម៉ូឌី មានបំណងផ្លាស់ប្តូរឈ្មោះប្រទេស ដែលជារឿងមិនទំនងទាល់តែសោះ»។ លោក Gandhi បានលើកឡើងបែបនេះ ក្រោយត្រូវបានសាកសួរអំពីរឿងឥណ្ឌាប្រើប្រាស់ឈ្មោះ Bharat អំលុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G20 កាលពីចុងសប្តាហ៍មុន។
គួរបញ្ជាក់ថា ភាពភ្ញាក់ផ្អើលនិងងឿងឆ្ងល់បានកើតមានឡើង កាលពីសប្តាហ៍កន្លងទៅនេះ នៅពេលដែលរដ្ឋាភិបាលលោក ម៉ូឌី បានសម្រេចចិត្តប្រើប្រាស់ពាក្យសំស្រ្កឹត Bharat ជាឈ្មោះរបស់ប្រទេសឥណ្ឌា នៅក្នុងលិខិតអញ្ជើញផ្ញើទៅកាន់មេដឹកនាំអន្តរជាតិ ក៏ដូចជាក្រុមតំណាងទាំងឡាយ នៃកិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅឯទីក្រុងញូដេលី។ លោក ម៉ាឌូ ក៏បានប្រើពាក្យ Bharat លើស្លាកឈ្មោះប្រទេសឥណ្ឌា នៅពេលបើកកិច្ចប្រជុំ G20 កាលពីថ្ងៃសៅរ៍ផងដែរ។ បើតាមលោក Gandhi ផែនការប្តូរឈ្មោះប្រទេសរបស់រដ្ឋាភិបាលឥណ្ឌានាពេលនេះ គឺហាក់ដូចជាយុទ្ធសាស្រ្តបង្វែរចំណាប់អារម្មណ៍មួយ នៅពេលក្រុមប្រឆាំងលើកឡើងពីបញ្ហាប្រឈម ដែលមានលក្ខណៈស៉ីជម្រៅនៅក្នុងស្រុក៕