(ហូណូលូលូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ ភ្នំភ្លើងឈ្មោះ ឃីឡូវេ (Kilauea) នៅរដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក ដែលជាភ្នំភ្លើងសកម្មបំផុតមួយ របស់ពិភពលោក បានចាប់ផ្តើមផ្ទុះឡើងសាជាថ្មីម្តងទៀត និងបានជះកម្អែភ្លើងកម្ពស់ប្រហែល២៤ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ភ្នំភ្លើង Kilauea ស្ថិតក្នុងឧទ្យានជាតិភ្នំភ្លើងរបស់រដ្ឋហាវ៉ៃលើកោះ Big Island ឬហៅថាកោះហាវ៉ៃ ដែលជាកោះធំជាងគេបង្អស់ប្រចាំរដ្ឋមួយនេះ ហើយស្ថិតនៅឆ្ងាយពីទីប្រជុំជន។ ស្ថានភាពជូនដំណឹងអំពីភ្នំភ្លើង Kilauea ត្រូវបានប្តូរពី «តាមដាន» ទៅជា «ប្រុងប្រយ័ត្ន»។ វាជាការផ្ទុះលើកទី៣ហើយនៃភ្នំភ្លើងខាងលើ នៅក្នុងឆ្នាំ២០២៣នេះ ដោយបន្ទុះលើកទី១ បានកើតឡើងកាលពីខែមករា និងលើកទី២ កាលពីខែមិថុនា។ ដោយឡែក កាលពីឆ្នាំ២០១៨ បន្ទុះដែលអូសបន្លាយពេលរាប់ខែរបស់វា បានបំផ្លាញលំនៅឋានចំនួនយ៉ាងហោច៧០០ខ្នង។
គួរបញ្ជាក់ថា Kilauea មានទំហំតូចជាងឆ្ងាយ បើធៀបនឹងភ្នំភ្លើងមួយទៀតដែលនៅក្បែរគ្នា ឈ្មោះ ម៉ោណា ឡូអា (Mauna Loa) ប៉ុន្តែវាមានសកម្មភាពញឹកញាប់ជាង និងជាកន្លែងពេញនិយមមួយ ដែលក្រុមភ្ញៀវទេសចរចូលចិត្តជិះឧទ្ធម្ភាគចក្រទៅទស្សនា។ Kilauea ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មសរុបចំនួន៦ នៅរដ្ឋហាវ៉ៃ ហើយវាបានផ្ទុះបញ្ចេញសកម្មភាពសឹងតែជាប់រហូតឥតខាន កាលពីចន្លោះឆ្នាំ១៩៨៣-២០១៩៕