(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បាននិយាយថា ប្រទេសរបស់លោក កំពុងកំណត់គោលដៅសម្រេចឱ្យបាន កំណើនសេដ្ឋកិច្ចយ៉ាងហោច៥ភាគរយជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៥ ខណៈវាទាបជាងគោលដៅកំណើនសេដ្ឋកិច្ច ដែលប្រទេសអាស៊ានមួយនេះ បានកំណត់ពីមុនមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោក អាន់វ៉ា បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៉ី នឹងត្រូវគាំទ្រដោយការផ្តោតសំខាន់ ទៅលើការពន្លឿនការធ្វើអន្តរកាល ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ និងការវិនិយោគធំៗជាងមុន ហើយលោកបន្តថា ម៉ាឡេស៉ីមានគោលដៅទាក់ទាញការវិនិយោគឯកជន ឱ្យដល់៦៤.១៧ពាន់លានដុល្លារជាប្រចាំឆ្នាំ រហូតដល់ឆ្នាំ២០២៥។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយថា «រដ្ឋាភិបាលនឹងធ្វើឱ្យម៉ាឡេស៉ីក្លាយជាគោលដៅដ៏លេចធ្លោជាងគេមួយ សម្រាប់វិនិយោគិនតាមរយៈការពង្រឹងភាពប្រកួតប្រជែង»។ លោក អាន់វ៉ា ក៏បានបន្ថែមផងដែរថា រដ្ឋាភិបាលម៉ាឡេស៉ីនឹងបង្កើនការបែងចែកថវិកា សម្រាប់ផែនការសេដ្ឋកិច្ចឱ្យដល់៨៨.៧៧ពាន់លានដុល្លារ ធៀបនឹង៨៨.៥២ពាន់លានដុល្លារ ដែលត្រូវបានប្រកាសកន្លងមក។
គួរបញ្ជាក់ថា ការព្យាករកំណើនសេដ្ឋកិច្ចទាបជាងមុននេះ គឺស្របពេលដែលសេដ្ឋកិច្ចប្រទេសម៉ាឡេស៉ី ទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការអន់ថយល្បឿន របស់សេដ្ឋកិច្ចពិភពលោក។ កំណើនមានភាពយឺតយ៉ាវបំផុតក្នុងរយៈពេលជិត២ឆ្នាំ កាលពីត្រីមាសទី២ នៃឆ្នាំនេះ ខណៈការនាំចេញមានការធ្លាក់ចុះ។ កន្លងមកនេះ ម៉ាឡេស៉ីធ្លាប់បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះ ៤.៥-៥.៥ភាគរយជាប្រចាំឆ្នាំ សម្រាប់ចន្លោះឆ្នាំ២០២១-២០២៥ នៅក្នុងផ្នែកនៃផែនការកំណើនសេដ្ឋកិច្ច រយៈពេល៥ឆ្នាំរបស់ខ្លួន៕