(ហ្សាការតា)៖ ទាហានរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៉ី អូស្ត្រាលី និងកងកម្លាំងនៃសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីសមត្ថភាពនៃរថក្រោះប្រយុទ្ធរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្នុងសមយុទ្ធយោធាមួយនៅលើកោះជ្វា (Java) របស់ឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

អំឡុងពេលធ្វើសមយុទ្ធនេះ កងកម្លាំងអូស្ត្រាលីបានដាក់ពង្រាយរថក្រោះ M1A1 Abrams ចំនួន ៥គ្រឿង ហើយយោធាឥណ្ឌូណេស៉ីបានដាក់ពង្រាយរថក្រោះ Leopard-2 ចំនួន ២គ្រឿង សម្រាប់ការធ្វើសមយុទ្ធរយៈពេល ២សប្តាហ៍ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញាមក នៅស្រុកបានីយូវ៉ាងហ្គី (Banyuwangi) នៃតំបន់ឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើត។ សមយុទ្ធយោធានេះក៏នឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ាកឃឺស អេវេន (Marcus Evans) អគ្គមេបញ្ជាការកងពលធំថ្មើរជើងទី២៥ នៃកងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ការដាក់បញ្ចូលនូវ រថពាសក្រោះក្នុងសមយុទ្ធទ្រង់ទ្រាយធំ នឹងផ្តល់ឲ្យកងកម្លាំងរបស់សម្ព័ន្ធមិត្ត និងដៃគូនានា មានឱកាសសាកល្បងអាវុធ ខណៈពួកគេកំពុងរៀបចំការត្រៀមលក្ខណៈ ផ្នែកយោធាឲ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា ជាធម្មតា ឥណ្ឌូណេស៉ី និងចិនមានទំនាក់ទំនងវិជ្ជមាន ប៉ុន្តែមួយរយៈកាលចុងក្រោនេះ ទីក្រុងហ្សាការតាបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់ចិន មកលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ដោយឡែក ចិនមើលឃើញថា សមយុទ្ធបែបនេះគឺជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៉ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីរាំងខ្ទប់ចិន៕