(ឡុងដ៏)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីន នៅក្នុង សប្តាហ៍នេះ ជាកន្លែងដែលលោកនឹងជំរុញឲ្យមានកិច្ចពិភាក្សាជាថ្មីលើដំណោះស្រាយរដ្ឋពីរ ព្រមជាមួយការប្តេជ្ញាដោះស្រាយការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ រួមទាំងមានទាំងការគំរាមកំហែងបង្កឡើងដោយប្រទេសអ៉ីរ៉ង់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ លោក ក្លេវើលី នឹងជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក មហាំម៉ាត់ ស្យីថេហ៍ (Mohammed Shtayyeh)។ នៅថ្ងៃអង្គារស្អែកនេះ លោក ក្លេវើលី គ្រោងថ្លែងសុន្ទរកថានៅឯ វិទ្យាស្ថានសន្តិសុខអន្តរជាតិ ដោយនឹងលើកឡើងពីបញ្ហាប្រឈមសន្តិសុខរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាសារៈសំខាន់នៃដំណោះស្រាយរដ្ឋពីរ។ លោក ក្លេវើលី ក៏នឹងចោទប្រកាន់អ៉ីរ៉ង់ លើការគាំទ្រចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស និងក្រុមជីហាត។ លោក ក្លេវើលី នឹងទៅទស្សនាជំរុំជនភៀសខ្លួនចាឡាហ្សូន (Jalazone) នៅតំបន់វេសប៊ែង (West Bank) ដើម្បីជួបជនភៀសខ្លួនប៉ាឡេស្ទីនផងដែរ។

គួរបញ្ជាក់ថា ទស្សនវិស័យដើម្បីស្តារឡើងវិញនូវកិច្ចចរចាសន្តិភាព សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលមានគោលបំណងបង្កើតរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ហ្កាហ្សា (Gaza) និងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) នៅតែមិនមានភាពរីកចម្រើនឡើយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ក្រោយ កិច្ចចរចាទទួលបរាជ័យ៕