(រ៉ាបា)៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក កំពុងព្យាយាមស្វែងរកអាហារ ទឹក និងទីជម្រក ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តក្នុងភូមិដាច់ស្រយាល ហើយចំនួនអ្នកស្លាប់បានកើនឡើងលើស ២,១០០នាក់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨រិចទ័រ វាយប្រហារកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន មនុស្សជាច្រើនបានបន្តស្នាក់នៅខាងក្រៅលើទីវាល ចូលដល់យប់ទី៣ ហើយ។ បុគ្គលិកសង្គ្រោះ កំពុងប្រឈមនឹងបញ្ហាដើម្បីទៅដល់ភូមិដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅតំបន់ភ្នំ High Atlas ដែលមានការតាំងទីលំនៅ ដាច់ស្រយាលពីគ្នា ហើយផ្ទះជាច្រើនបានដួលរលំ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,១២២នាក់ និងរបួសចំនួន ២,៤២១នាក់។ ម៉ារ៉ុក បានអះអាងថានឹងទទួលយក ជំនួយសង្គ្រោះពីប្រទេសដទៃ ហើយនឹងធ្វើការសម្របសម្រួលក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា ដោយសារតែផ្ទះក្នុងតំបន់រងគ្រោះភាគច្រើន សង់ពីឥដ្ឋភក់ និងឈើ ឬស៊ីម៉ងត៍ និងឥដ្ឋខ្យល់ ធ្វើឲ្យវាងាយនឹងដួលរលំ។ បើតាមអ្នកភូមិ Moulay Brahim ស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង ម៉ារ៉ាកេស (Marrakech) ពួកគេបានកាយរកអ្នកស្លាប់ពីគំនរបាក់បែក ដោយប្រើដៃទទេ របស់ពួកគេ៕