(តៃប៉ិក)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានរាយការណ៍ពីវត្តមានក្បួននាវាចម្បាំងចិនដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) ដែលធ្វើដំណើរចូលទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច សម្រាប់ការហ្វឹកហ្វឺន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអះអាងខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ កើតមានឡើងបន្ទាប់ពីនាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ កាលពី ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដែលនេះជាបេសកកម្មលើកទី២ ចាប់តាំងពីខែមិថុនាមក និងធ្វើឡើងចំពេលមេដឹកនាំនៃប្រទេសទាំង២ កំពុងចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា។

ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានឱ្យដឹងដែរថា នៅម៉ោង ៥៖៤០នាទីព្រឹកព្រលឹម នៅថ្ងៃចន្ទនេះ យោធារបស់ខ្លួនបានរាយការណ៍ថាយន្ដហោះយោធាចិន ១១គ្រឿង ក្នុងនោះរួមមាន យន្ដហោះចម្បាំង J-16 បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។

គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងសានទុង ដែលត្រូវបានចិនដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ ក៏ធ្លាប់បានចូលរួមផងដែរក្នុងការធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ កាលពីខែមេសាកន្លងទៅ ក្នុងតំបន់អាស៊ីហ្វិកភាគខាងលិច ព្រមទាំងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីខែមិថុនា កន្លងទៅនេះ៕