(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានបញ្ជាក់ពីភាពឯកោ របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ​ ពូទីន នៅលើឆាកអន្តរជាតិ ខណៈកិច្ចប្រជុំកំពូលនេះបានបិទបញ្ចប់ទៅដោយមិនមានឡើយការថ្កោលទោសទីក្រុងមូស្គូ សម្រាប់សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោក ម៉ាក្រុង ទោះបីជា G20 ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសេដ្ឋកិច្ចសកលក៏ពិតមែន តែមិនមែនមានន័យថាគេមិនអាចរំពឹង លើភាពរីកចម្រើនការទូតចំពោះសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោក ម៉ាក្រុង បានគូសបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយដូច្នេះថា «កិច្ចប្រជុំកំពូល G20 នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតពីភាពឯកោរបស់រុស្ស៉ី។ នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) សមាជិកភាពច្រើនលើសលប់របស់ G20 បានថ្កោលទោសសង្រ្គាម នៅអ៊ុយក្រែន និងផលប៉ះពាល់បង្កឡើយដោយសង្រ្គាមមួយនេះ»។ ប្រធានាធិបតីបារាំងរូបនេះបន្តថាសេចក្ដីថ្លែងការណ៍ G20 មិនមែនជាជោគជ័យការទូតមួយ សម្រាប់រុស្ស៉ីនោះទេ បើទោះជាមិនមានសេចក្ដីថ្លែងការណ៍រួមថ្កោលទៅរុស្ស៉ីក៏ដោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយមិនមានវត្តមានចូលរួមពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន នោះទេ ហើយមេដឹកនាំទាំង២បានបញ្ជូនតំណាងឱ្យចូលរួមជំនួសរៀងៗខ្លួន។ ឥណ្ឌាបានប្រគល់ញញួរឱ្យប្រេស៊ីល ដែលនឹងត្រូវធ្វើជាប្រធានប្ដូរវេន G20 នៅឆ្នាំក្រោយនេះ៕