(មូស្គូ)៖ ទីក្រុង Vladivostok របស់រុស្ស៊ី បានស្វាគមន៍អ្នកចូលរួមរាប់ពាន់នាក់ សម្រាប់វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៨ (EEF) នៅថ្ងៃអាទិត្យនេះ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមតំបន់ នៃអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីនហួរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

EEF ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រហែល ៧,០០០នាក់ រួមទាំងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ វេទិកានេះក៏បង្ហាញពីព្រឹត្តិការណ៍អាជីវកម្មជាង ៦០ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ ការអប់រំ និងវប្បធម៌ជាដើម។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ ដែលបានគ្រោងធ្វើនៅថ្ងៃទី១២ ខែកញ្ញា នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។

គួរបញ្ជាក់ថា EEF ដែលមានរយៈពេលបួនថ្ងៃ ត្រូវបានរៀបចំដោយមូលនិធិ Roscongress ក្រោមចំណងជើងថា «មាគ៌ាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព»។ វេទិកានេះបានបម្រើការជាកន្លែងដ៏សំខាន់ សម្រាប់ការសន្ទនារវាងអ្នកនយោបាយ អ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកជំនាញសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ចុងបូព៌ា៕