(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយនៅថ្ងៃអាទិត្យ (១០ ខែកញ្ញា) នេះថា ទំនាក់ទំនងរបស់អ៊ីតាលីជាមួយប្រទេសចិន គឺសំខាន់លើសពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមួយ ខណៈការសម្រេចចិត្តចុងក្រោយស្តីពីការដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍នៅព្រឹកថ្ងៃនេះថា ប្រទេសអ៊ីតាលីនឹងដកខ្លួនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហើយជំនួសឱ្យការស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលខ្លួនបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ ២០០៤ ។

ប្រទេសអ៊ីតាលី គឺជាប្រទេស G7 តែមួយគត់ដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមួយ ដែលជាផែនការពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសកល ដែលយកគំរូតាមផ្លូវសូត្របុរាណ ដែលភ្ជាប់ចក្រភពចិនទៅលោកខាងលិច។

ប្រទេសអ៊ីតាលីនឹងក្លាយជាប្រធានក្រុមប្រទេស G7 នៅឆ្នាំក្រោយ ហើយការធ្វើកំណែទម្រង់ទំនាក់ទំនងរបស់ប្រទេសនេះ ជាមួយទីក្រុងប៉េកាំងនឹងធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន មានភាពភ័យខ្លាចឥទ្ធិពលរបស់ចិន។

លោកស្រី Meloni បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបណ្តាប្រទេសនៅអឺរ៉ុបដែលមិនបានចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប៉ុន្តែពួកគេបានបង្កើតទំនាក់ទំនង (ជាមួយចិន) អំណោយផលជាងពេលខ្លះដែលយើងធ្លាប់សម្រេចបានទៅទៀត»

គួរបញ្ជាក់ថា លោកស្រី Meloni បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីថ្ងៃសៅរ៍ នៅខាងក្រៅកិច្ចប្រជុំ G20 ហើយបានពណ៌នាកិច្ចពិភាក្សានេះថាមានភាពគួរសម និងស្ថាបនា។

លោកស្រីបានលើកឡើងនាឱកាសនោះថា «ចំណុចសំខាន់គឺ ថាតើធ្វើដូចម្តេចដើម្បីធានាថាភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ដោយមិនគិតពីការសម្រេចចិត្តរបស់យើងលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ»