(ញូដេលី)៖ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានប្រកាសថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនត្រូវចាប់ខ្លួននៅប្រទេសប្រេស៉ីលឡើយ ប្រសិនបើលោកទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងរីយ៉ូ (Rio de Janeiro) នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងបទសម្ភាសមួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា លោក Lula បាននិយាយថា លោក ពូទីន នឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំឆ្នាំ២០២៤ ហើយលោកបានបន្តថា «ខ្ញុំជឿថាលោក ពូទីន អាចធ្វើដំណើរទៅ​ប្រេស៉ីលបានយ៉ាងងាយស្រួល។ អ្វីដែលខ្ញុំអាចអះអាងបាន គឺប្រសិនបើខ្ញុំនៅជាប្រធានាធិបតីប្រេស៉ីល ហើយលោក ពូទីន ធ្វើដំណើរទៅកាន់​ប្រេស៉ីល គឺគ្មានផ្លូវឡើយដែលលោក ពូទីន នឹងត្រូវចាប់ខ្លួននៅទីនោះ»

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅ​អ៊ុយក្រែន។ ប្រេស៉ីលក៏ជាប្រទេសហត្ថលេខីមួយផងដែរ នៃលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការ ICC។​ លោក ពូទីន បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន រួមមានកិច្ចប្រជុំកំពូល G20 នាចុងសប្តាហ៍នេះ នៅឯប្រទេសឥណ្ឌា ដោយលោកបានបញ្ជូនរដ្ឋមន្រ្តីការបរទេសរុស្ស៉ី ឱ្យចូលរួមជំនួស៕