(វ៉ាស៉ីនតោន)៖ នាចុងសប្តាហ៍នេះ មន្រ្តីលោកខាងលិចមួយរូបបានបង្ហើបឱ្យដឹងថា រុស្ស៉ីប្រហែលជានឹងអាចបង្កើនការផលិតគ្រាប់កាំភ្លើងធំ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដល់ប្រមាណ២លានគ្រាប់ក្នុងមួយឆ្នាំ ពោលគឺទ្វេដងធៀបនឹងការប៉ាន់ស្មានកន្លងមករបស់លោកខាងលិច ប៉ុន្តែវានៅតែជាការខ្វះខាតខ្លាំងដដែល បើនិយាយអំពីតម្រូវការរបស់ទីក្រុងមូស្គូសម្រាប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។

មន្រ្តីខាងលើដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានប៉ាន់ប្រមាណថា រុស្ស៉ីបានប្រើប្រាស់គ្រាប់កាំភ្លើងធំចន្លោះប្រហែល ១០-១១លានគ្រាប់ កាលពីឆ្នាំមុននៅអ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ បានចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។ មន្រ្តីរូបនោះបានលើកឡើងដូច្នេះថា «ប្រសិនបើអ្នកចំណាយខ្ទង់១០លានគ្រាប់កាលពីឆ្នាំមុន ហើយឥឡូវកំពុងបន្តប្រយុទ្ធក្នុងសង្រ្គាមនៅឡើយ ខណៈដែលអ្នកឯងអាចផលិតបានត្រឹម ១-២លានគ្រាប់ក្នុងមួយឆ្នាំ ខ្ញុំយល់ថាអ្នកមិនស្ថិតក្នុងជំហររឹងមាំមួយនោះឡើយ»។

បើតាមការអះអាងរបស់មន្រ្តីលោកខាងលិចដដែល ក្រៅពីបញ្ហាគ្រាប់កាំភ្លើងធំ រុស្ស៉ីក៏បានបាត់បង់រថក្រោះប្រហែល២,០០០គ្រឿង, រថពាសដែក ៤,០០០គ្រឿង, យន្តហោះ១០០គ្រឿង និងកងទ័ពស្លាប់ក៏ដូចជារបួសប្រមាណ២៧០,០០០នាក់ផងដែរ។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានសង្កត់ធ្ងន់ថា ការផលិតសព្វាវុធព្រមទាំង​ការផ្គត់ផ្គង់អាវុធ ឱ្យទៅកងកម្លាំងជួរមុខនៅអ៊ុយក្រែន មានសារសំខាន់ជាខ្លាំងសម្រាប់ជោគជ័យនៃសង្រ្គាមឈ្លានពានរបស់ខ្លួន។ រីឯកាលពីខែកក្កដា លោក Shoigu បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ខណៈសេតវិមានបានអះអាងថា រុស្ស៉ីហាក់កំពុងតែចង់​ពឹងកូរ៉េខាងជើងឱ្យជួយផ្គត់ផ្គង់សព្វាវុធដល់ខ្លួន៕