(ប៉េកាំង)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) កំពុងព្យាយាមស្វែងរកការគាំទ្រពីប្រទេសចិន ដើម្បីចូលរួមក្នុងក្រុមប្រទេស BRICS ដែលទើបសម្រេចពង្រីកសមាជិកបន្ថែមថ្មីៗនេះ ស្របពេលដែលរូបលោកកំពុងបំពេញទស្សនកិច្ចនៅចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Maduro បាននិយាយថា លោកមានគោលដៅចង់ធានាឱ្យបាន នូវការចូលរួមជាសមាជិក BRICS សម្រាប់ប្រទេសវេណេស៊ុយអេឡា ដោយមានការគាំទ្រពីចិនក៏ដូចជាពីសំណាក់ប្រទេសនានា ដែលជាសមាជិករួចស្រាប់។ លោក Maduro បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងអាចជួយសម្រេចគោលដៅនេះបាន។
លោកប្រធានាធិបតីវេណេស៊ុយអេឡា បានមកដល់ប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវរំពឹងថានឹងបន្តស្នាក់នៅ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ខណៈវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក មកកាន់មហាយក្សអាស៉ីមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៨មក និងចំពេលដែលប្រធានាធិបតីចិន លោក ស៉ី ជិនពីង សម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នាចុងសប្តាហ៍នេះ នៅប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ចិនមើលឃើញក្រុមប្រទេស BRICS គឺជាអង្គការថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយអង្គការអន្តរជាតិផ្សេងៗទៀត ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច។ ប្លុក BRICS ដែលរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ទើបតែបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំកាលពីខែសីហា ដើម្បីទទួលយកសមាជិកពេញសិទ្ធិថ្មីចំនួន៦ថែមទៀត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ប្រទេសទាំងនោះរួមមាន អាហ្សង់ទីន អេត្យូពី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប និងអេមីរ៉ាត់អារ៉ាប់រួម៕