(ប៉េកាំង)៖ ថ្លែងប្រាប់ប្រមុខសហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូដេលីនៃប្រទេសឥណ្ឌា នាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) បាននិយាយថា ចិននិងអឺរ៉ុបគួរតែរួបរួមសាមគ្គី ហើយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីប្រឆាំងទប់ទល់ទៅនឹងភាពមិនច្បាស់លាស់នានារបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ការអំពាវនាវដូចខាងលើរបស់លោក លី កើតមាន ស្របពេលដែលសហភាពអឺរ៉ុបកើនឡើងក្តីបារម្ភ អំពីហានិភ័យនៃការធ្វើប្រាស្រ័យទាក់ទងជាមួយចិន ដែលត្រូវបានចាត់ថ្នាក់ជាដៃគូផងនិងគូប្រជែងផងរបស់ EU ចាប់តាំងតែពីឆ្នាំ២០១៩មក។ ក្នុងជំនួបជាមួយលោកស្រី អួស៊ូឡា វ៉ុនដឺ លីយេន (Ursula von der Leyen) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក លី បានលើកឡើងថា «ការទប់ស្កាត់ហានិភ័យ មិនហាមឃាត់កិច្ចសហប្រតិបត្តិការនោះទេ។ ចិននិង EU គួរតែរួបរួមសាមគ្គីនិងសហការគ្នាបន្ថែម ហើយប្រើប្រាស់ស្ថិរភាពនៃទំនាក់ទំនងចិន-EU ធ្វើជាជន្ទល់ទប់ទល់នឹងភាពស្រពិចស្រពិលទាំងឡាយ នៃស្ថានការណ៍ពិភពលោក»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីចិន បានចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសឥណ្ឌា ក្នុងនាមជាតំណាងរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដែលមិនបានចូលរួម។ កាលពីមិថុនា ឆ្នាំនេះ សហភាពអឺរ៉ុបបានអនុម័តផែនការយុទ្ធសាស្រ្តមួយ នៃការបន្ថយហានិភ័យដើម្បីគ្រប់គ្រងការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក៕