(តៃប៉ិ)៖ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាវាចម្បាំងអាមេរិក១គ្រឿង និងនាវាចម្បាំងកាណាដា១គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈវាគឺជាបេសកកម្មរួមគ្នាលើកទី២ ក្នុងការធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រនោះ និងចំពេលដែលមេដឹកនាំរបស់សហរដ្ឋអាមេរិកនិងកាណាដា កំពុងតែចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។

យោធាជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងប្រភេទ destroyer ឈ្មោះថា USS Ralph Johnson រួមជាមួយនាវាចម្បាំង HMCS Ottawa របស់កាណាដា បានធ្វើបេសកកម្មជាប្រចាំមួយ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាទីដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរកាត់ពីលើ គឺត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។

យោធាអាមេរិកបានបន្ថែមថា ការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់រួមគ្នាដោយនាវាចម្បាំង Ralph Johnson និង Ottawa បង្ហាញពី​ការប្តេជ្ញារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ដូចជាដៃគូ ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។ យ៉ាងណាមិញ មិនខុសពីរាល់ដងឡើយ គឺខាងយោធាចិនបានចេញមុខថ្កោលទោស សកម្មភាពរបស់នាវាចម្បាំងអាមេរិកនិងកាណាដា។

គួរបញ្ជាក់ថា បេសកកម្មរួមខាងលើ ត្រូវបានប្រកាសដោយកងទ័ពជើងទឹកអាមេរិក គាប់ជួបពេលគ្នាជាមួយកិច្ចប្រជុំកំពូល G20 នៅឯ​ទីក្រុងញូដេលី ដែលប្រធានាធិបតីចិន លោក ស៉ី ជិនពីង មិនបានទៅចូលរួម ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិង​នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននាំគ្នាចូលរួម៕