(រ៉ាបា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ បានបន្តកើនឡើងដល់លើស២,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីចុងក្រោយគេស្តីពីតួលេខជនរងគ្រោះ ក្រសួងមហាផ្ទៃម៉ារ៉ុកបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនដល់២,០១២នាក់ហើយ ត្រូវបានសម្លាប់ និង២,០៥៩នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងនោះមាន១,៤០៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត់ឡាស់ (Atlas) ចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងម៉ារ៉ាកេស (Marakech) ជាទីក្រុងធំលំដាប់ទី៤ និងជាទីក្រុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ារ៉ុក។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ មានជម្រៅ១៨.៥គីឡូម៉ែត្រក្រោមផ្ទៃដី ដែលជាទូទៅមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងធ្ងន់ធ្ងរ ជាងគ្រោះរញ្ជួយដី ដែលមានកម្រិតរ៉ិចទ័រដូចគ្នាប៉ុន្តែមានជម្រៅជ្រៅៗ។ វាគឺជាគ្រោះរញ្ជួយផែនដី ដែលផ្តាច់ជីវិតមនុស្សច្រើនជាងគេបំផុត នៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៦០មក នៅពេលដែលគ្រោះរញ្ជួយដីមួយ បានសម្លាប់មនុស្សយ៉ាងហោច ១២,០០០នាក់៕