(មូស្គូ) នៅថ្ងៃសៅរ៍នេះរុស្ស៉ី បានឲ្យដឹងថា ភ្ញៀវបរទេសដ៏កំពូលដែលនឹងត្រូវមកចូលរួមវេទិកាសេដ្ឋកិច្ច ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នៅសប្តាហ៍ក្រោយ គឺជាអនុប្រធានាធិបតីឡាវ តែបដិសេធនិយាយអំពីដំណើរទស្សនកិច្ចដែលអាចទៅរួចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីដើមសប្តាហ៍ កាសែត New York Times បានរាយការណ៍ថា លោក គីម នឹងជួបប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Vladivostok នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី នៅខែកញ្ញា អំឡុងពេលណាមួយនៃការរៀបចំវេទិកាសេដ្ឋកិច្ច។

ប៉ុន្តែ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា អនុប្រធានាធិបតីឡាវ លោកស្រី ផានី យ៉ាថូធូ (Pany Yathotou) គឺជាភ្ញៀវបរទេសដ៏សំខាន់មួយរូប ដែលលោក ពូទីន នឹងរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយ។ ឧបនាយករដ្ឋមន្ត្រីចិន លោក ចាង គួរឈីង (Zhang Guoqing) ក៏នឹងទៅចូលរួមផងដែរ។

គួរបញ្ជាក់ថា វេទិកាប្រចាំឆ្នាំគឺសំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការវិនិយោគបរទេស។ អ្នកចូលរួមកន្លងមក រួមមាននាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីចិន ប៉ុន្តែការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៉ី បាននាំឲ្យមានការកាត់បន្ថយការចូលរួមរបស់បរទេសក្នុងព្រឹត្តិការណ៍បែបនេះ។ កាលពីឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីអាមេនី ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា គឺជាភ្ញៀវដ៏លេចធ្លោបំផុត ខណៈដែលនាយករដ្ឋមន្ត្រីឥណ្ឌា ចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញ៕