(រ៉ាបា)៖ ក្រសួងមហាផ្ទៃម៉ារ៉ុក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីដ៏ខ្លាំងក្លានៅឯតំបន់ភ្នំ High Atlas បានកើនឡើងដល់ ៨២០នាក់ហើយ និង ៦៧២នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ ២០២៣។

មន្រ្តីប្រចាំតំបន់ បានឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ គឺជាអ្នករស់នៅតំបន់ភ្នំដែលពិបាកចូលទៅដល់។ អគារនានានៅក្នុងទីក្រុងដ៏ចំណាស់ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏បានរងការខូចខាត។ ចំណែកឯ វិហារឥស្លាមមួយនៅទីលាន Jemaa al-Fna ដែលជាបេះដូងនៃទីក្រុង Marrakech ក៏បានដួលរលំផងដែរ ខណៈបុគ្គលិកជួយសង្រ្គោះកំពុងជីកក្រោមគំនរបែកបាក់ដើម្បីស្វែងរកមនុស្ស។

បណ្តារដ្ឋាភិបាលនៅជុំវិញពិភពលោក បានបង្ហាញពីការចូលរួមរំលែកទុក្ខ និងត្រៀមផ្តល់ជំនួយ។ តួកគី ដែលធ្លាប់រងការរញ្ជួយដីដ៏ខ្លាំងកាលពីខែកុម្ភៈ បាននិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីជួយដល់ម៉ារ៉ុក។

គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតសម្រាប់ប្រទេសម៉ារ៉ុក គិតចាប់តាំងពីឆ្នាំ ១៩៦០មក ដោយកាលណោះការរញ្ជួយដីមួយបានសម្លាប់មនុស្សចំនួន ១២,០០០នាក់៕