(រ៉ាបា)៖ បណ្ដាមេដឹកនាំពិភពលោក បានផ្ញើសារចូលរួមរំលែកទុក្ខ និងសន្យាផ្ដល់ការគាំទ្រដល់ប្រទេសម៉ារ៉ុក ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដី កម្រិតធ្ងន់មួយ ផ្ដាច់ជីវិតមនុស្សច្រើនជាង ៦០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។

មេដឹកនាំពិភពលោករួមមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងអធិការបតីអាល្លមឺង់ជាដើម សុទ្ធតែបានផ្ញើសាររំលែកទុក្ខរៀងៗខ្លួន ជាមួយរដ្ឋាភិបាល និងប្រជាជននៃប្រទេសម៉ារ៉ុក។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានកើនដល់ ៦៣២នាក់ ហើយ និង៣២៩នាក់ផ្សេងទៀតរងរបួស។

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ បើតាម ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃ គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក៕