(ញូវដេលី)៖ សហភាពអាហ្វ្រិក នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ ទទួលបានកៅអីជាសមាជិកអចិន្ត្រៃយ៍ថ្មីជាផ្លូវការនៃក្រុមប្រទេស G20 តបតាម ការអញ្ជើញពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការពង្រីកសមាជិកថ្មីបន្ថែមនៃប្លុកមួយនេះ គឺជាជោគជ័យខាងការទូតគួរឱ្យកត់សម្គាល់មួយសម្រាប់លោក ម៉ូឌី ដែលនឹងត្រូវប្រឈមមុខនឹង ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៤ ហើយបាន និងកំពុងប្រើប្រាស់សិទ្ធិជាប្រធានាប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះដើម្បី លើកមុខមាត់របស់លោកក្នុងនាមជា «រដ្ឋបុរសម្នាក់» នៅលើឆាកអន្តរជាតិ។

នៅមុនថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក ម៉ូឌី បានទទួលស្វាគមន៍ប្រធានសហភាពអាហ្វ្រិក និងជាប្រធានាធិបតីប្រទេសកូម៉ូរ៉ូស (Comoros) លោក អាហ្សាលី អាសស៊ូម៉ានី (Azali Assoumani) ជាមួយការអោបយ៉ាងកក់ក្ដៅ។ លោក ម៉ូឌី បានគូសបញ្ជាក់បន្ថែមនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូល G20 ដូច្នេះថា «ឥណ្ឌាបានលើកឡើងនូវសំណើផ្ដល់កៅអីជាសមាជិកអចិន្ត្រៃយ៍ G20 សម្រាប់សហភាពអាហ្វ្រិក...ដោយមានការយល់ព្រមពី អ្នករាល់គ្នា ខ្ញុំសូមអញ្ជើញសហភាពអាហ្វ្រិកអង្គុយលើកៅអីជាសមាជិកអចិន្ត្រៃយ៍ G20»។

គួរបញ្ជាក់ថា សហភាពអាហ្វ្រិកដែលមានប្រទេសជាសមាជិកចំនួន៥៥ បច្ចុប្បន្នមានឋានៈដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរដែលកន្លងមកគឺជាប្លុក តែមួយគត់ដែលទទួលបានសមាជិកភាពពេញសិទ្ធិនៅក្នុង G20៕