(សិង្ហបុរី)៖ អតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់សិង្ហបុរី កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ។ បើតាមលទ្ធផលបោះឆ្នោត លោក សានមូហ្ការ៉ាត់ណាំ មានវ័យ៦៦ឆ្នាំ បានយកឈ្នះលើគូប្រជែង របស់លោក ២រូបផ្សេងទៀត គឺលោក អិន កុកសុង (Ng Kok Song) និងលោក តាន់ គីនលៀន (Tan Kin Lian) ដោយទទួលបានសំឡេងគាំទ្រ ៧០.៤ភាគរយ នៃសន្លឹកឆ្នោតសរុប។

លោក ថាម៉ាន់ ត្រូវឡើងកាន់តំណែងបន្តពីប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ាស់ យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតី ដោយ ស្វ័យប្រវត្តិកាលពីឆ្នាំ២០១៧ ដោយសារលោកស្រី គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវ​បានតែងតាំងឱ្យឈរឈ្មោះ នាពេលនោះ។ អាណត្តិប្រធានាធិបតីសិង្ហបុរី មានរយៈពេល៦ឆ្នាំ ខណៈលោកស្រីហាលីម៉ាស់បាន​សម្រេចចិត្តមិនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី។

* តើលោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ ជានរណា?

លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ កើតនៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥៧ ដោយមានឪពុកជាជនជាតិតាមិល (Tamil) និងម្ដាយជាជនជាតិចិន។ ឪពុករបស់លោក ថាម៉ាន់ គឺជាវេជ្ជបណ្ឌិត រីឯម្ដាយជាមេផ្ទះ។ លោក ថាម៉ាន់ បានបញ្ចប់ការសិក្សាពីសាលា London School of Economics នៃសាកលវិទ្យាល័យ Cambridge និង Kennedy School of Government នៃសាកលវិទ្យាល័យ Harvard។ លោកធ្លាប់កាន់តំណែងជាប្រមុខសេដ្ឋកិច្ចនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធានាគារបណ្ដាលរបស់សិង្ហបុរី មុននឹងឈានជើងចូលនយោបាយក្នុងខែវិច្ឆិកា ឆ្នាំ២០០១ បន្ទាប់ពីបានជាប់ឆ្នោតជាអ្នកតំណាងប្រចាំស្រុក Jurong។

ចាប់តាំងពីពេលនោះមក ថាម៉ាន់ បានកាន់តំណែងជាច្រើន ជាបន្តបន្ទាប់ក្នុងជួររដ្ឋាភិបាល ក្នុងនោះរួមមានទាំងតំណែងនៅក្នុងក្រសួងអប់រំ និងហិរញ្ញវត្ថុ។ ក្នុងឆ្នាំ២០១១ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានធនាគារកណ្ដាលសិង្ហបុរី។ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី លោក ថាម៉ាន់ បានលាលែងចេញពីតំណែងក្នុងមុខនាទីក្នុងពេលបច្ចុប្បន្ន ដូចជាតំណែងជាអនុប្រធានសាជីវកម្មវិនិយោគរដ្ឋាភិបាលសិង្ហបុរី ជាដើម។ លោក ថាម៉ាន់ ផ្ទាល់ បាននិយាយថា ការលាលែងរបស់លោកបានចូលជាធរមានកាលពីថ្ងៃទី៧ ខែកក្កដា៕