(ភ្នំពេញ)៖ G20 ឬ Group of Twenty គឺជាវេទិកាអន្តរជាតិដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយប្រទេសសេដ្ឋកិច្ចធំៗជាច្រើន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ សំខាន់ៗនៅលើពិភពលោក។ វេទិកាពហុភាគីនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមគោលដៅ ពិភាក្សានិងរួមគ្នាធ្វើការ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់សកលលោក។ យ៉ាងណាមិញ មកទល់​សព្វថ្ងៃនេះ កិច្ចប្រជុំកំពូលរវាងមេដឹកនាំ G20 គឺមិនត្រឹមផ្តោតសំខាន់ទៅលើ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងផ្តោតទៅលើ​បញ្ហាប្រឈមជាបន្ទាន់ៗដទៃទៀតរបស់ពិភពលោកផងដែរ។

សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

G20 ទាំងមូលមានប្រជាជនសរុបស្មើនឹង ២ភាគ៣នៃចំនួនប្រជាជនសរុបនៅលើពិភពលោក និងមានទំហំសេដ្ឋកិច្ចប្រហែល៨០ភាគរយ នៃ GDP ជាសកល ហើយរ៉ាប់រងប្រមាណជា ៧៥ភាគរយ នៃការធ្វើពាណិជ្ជកម្មរបស់អន្តរជាតិ ព្រមទាំងគ្របដណ្តប់លើផ្ទៃដី៦០ភាគរយ នៃភពផែនដី។ ហេតុដូច្នេះហើយ ទើប G20 ត្រូវបានបណ្តាអ្នកវិភាគនាំគ្នាទទួលស្គាល់ថា ជាក្រុមដែលមានឥទ្ធិពលដ៏ខ្លាំងគួរសមមួយ នៅលើសកលលោក។

នៅពេលបង្កើតឡើងដំបូង កិច្ចប្រជុំ G20 ត្រូវបានធ្វើឡើងតែ រវាងក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលប៉ុណ្ណោះ។ ប្រមុខដឹកនាំនៃសមាជិក G20 បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលជាលើកទីមួយ កាលពីឆ្នាំ២០០៨ នៅសហរដ្ឋអាមេរិក ក្រោយពីការកើតមាន​វិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៧-២០០៨។

នៅឆ្នាំ២០០៩ និងឆ្នាំ២០១០ កិច្ចប្រជុំកំពូល G20 ធ្លាប់ត្រូវធ្វើឡើងពីរលើកក្នុងមួយឆ្នាំ ខណៈមួយលើកៗ គឺក្នុងប្រទេសពីរផ្សេងគ្នា។ ក៏ប៉ុន្តែចាប់តាំងពី ឆ្នាំ២០១១ រហូតមកទល់ឥឡូវ កិច្ចប្រជុំកំពូលត្រូវបានប្រារព្ធឡើងតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ នៅក្នុងប្រទេសដែលជាប្រធានប្តូរវេន។ ក្នុងមួយឆ្នាំៗ មុនដល់ កិច្ចប្រជុំកម្រិតប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនេះ កិច្ចប្រជុំផ្សេងៗទៀត ក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងក្រុមការងារពាក់ព័ន្ធ ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីត្រៀម សម្រាប់ការបើកកិច្ចប្រជុំកំពូល។ ម៉្យាងវិញទៀត ជំនួប​ទ្វេភាគីដែលជារឿយៗកើតមានកំលុងកិច្ចប្រជុំកំពូល G20 ពេលខ្លះក៏បាននាំទៅរកកិច្ចព្រមព្រៀង អន្តរជាតិសំខាន់ៗផងដែរ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ឥណ្ឌា គឺជាប្រធានប្តូរវេន G20 ដូច្នេះហើយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដែលប្រារព្ធឡើងរយៈពេល ២ថ្ងៃ គឺ៩-១០ ខែកញ្ញានេះ ក្នុងទីក្រុងញូដេលី។ ក្រៅពីសមាជិក G20 ផ្ទាល់ អង្គការសហប្រជាជាតិ ធនាគារពិភពលោក សហភាពអាហ្រ្វិក អាស៊ាន និងអង្គការអន្តរជាតិ មួយចំនួនទៀត ក៏ជាភ្ញៀវកិត្តិយសជាអចិន្រ្តៃយ៍ ដែលតែងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ផងដែរ។ មិនតែប៉ុណ្ណោះ ជាទូទៅប្រទេសជា ម្ចាស់ផ្ទះ ក៏អាចអញ្ជើញតំណាងមកពីប្រទេសផ្សេងទៀត ទៅតាមការយល់ឃើញរបស់ខ្លួន ថែមទៀតផង៕