(ញូដេលី)៖ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G20 នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះបានចាប់ផ្ដើមបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនហើយ ក្នុងទីក្រុង ញូវដេលី នៃប្រទេសឥណ្ឌា ចំពោះមុខការខ្វែងគំនិតគ្នាពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបណ្ដាមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស G20 នឹងជួបប្រជុំគ្នារយៈពេល ២ថ្ងៃ​ចាប់ពីថ្ងៃសៅរ៍នេះទៅ ដើម្បី ពិភាក្សាលើបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈម តួយ៉ាងដូចជាសង្រ្គាមនៅអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើ សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយដែលខ្លួនបានឃើញ បានឱ្យដឹងថាក្រុមអ្នកចរចាមិនអាចដោះស្រាយការខ្វែងគំនិតគ្នាជុំវិញសង្រ្គាមឈ្លានពាន របស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនបាននោះទេ ដោយទុកឱ្យមេដឹកនាំរបស់ពួកគេជាអ្នកសម្របសម្រួលវិញ ប្រសិនបើអាចធ្វើទៅបាន។

សេចក្ដីថ្លែងការណ៍ព្រាងនេះមានកម្រាស់ ៣៨ទំព័រ បានទុកកថាខណ្ឌស្ដីពីស្ថានភាពភូមិសាស្ត្រនយោបាយឱ្យនៅទំនេរស្អាត ខណៈបានព្រមព្រៀងគ្នា លើកកថាខណ្ឌ ៧៥ផ្សេងទៀត។

គួរបញ្ជាក់ថា លោក ចូ បៃដិន អធិការបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីជប៉ុន និងព្រះអង្គម្ចាស់រជ្ជទាយាទ អារ៉ាប៊ីសាអូឌីត នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី។ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងមិនមានវត្តមាននោះទេដោយលោក ពូទីន បានបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវឱ្យចូលរួមជំនួស រីឯនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នឹងធ្វើជាអ្នកតំណាងចូលរួមកិច្ចប្រជុំជំនួសលោក ស៊ី ជិនពីង៕