(សេអ៊ូល)៖ កូរ៉េខាងជើង បានធ្វើព្យុហយាត្រាមួយ ដើម្បីរំឮកខួបលើកទី៧៥ នៃការបង្កើតប្រទេសដោយមានការចូលរួមពីលោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់ មកពីប្រទេសចិន និងរុស្ស៉ី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាព្យុហយាត្រាខាងលើដែលបានរៀបចំក្នុងទីក្រុងព្យុងយ៉ាង គឺជាព្យុហយាត្រារបស់កងកម្លាំងទាហានបារ៉ា ហើយ ក៏មិនមានការបង្ហាញពីអាវុធជាប់បម្រាមដូចជាមីស៊ីលបាលិស្ទីកអន្តរទ្វីបនោះដែរ។

KCNA បានគូសបញ្ជាក់ដូច្នេះថា «ព្យុហយាត្រាទាហានប៉ារ៉ាមួយត្រូវបានធ្វើឡើងនៅឯទីលានគីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីប្រារព្ធ ខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ (DPRK)។ ព្យុហយាត្រានេះក៏មានការចូលរួមផងដែរពីប្រតិភូចិនដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី លោក លីវ គួចុង (Liu Guozhong) និងក្រុមមន្ត្រីការទូតរុស្ស៉ី»។ កូរ៉េខាងជើងយកថ្ងៃទី៩ ខែកញ្ញា ជាថ្ងៃប្រារព្ធខួបបង្កើតប្រទេសរបស់ខ្លួនជារៀង រាល់ឆ្នាំ។

គួរបញ្ជាក់ថា ការធ្វើព្យុហយាត្រានេះកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរតាក់ទិកថ្មីមួយ ដែលលោក គីម ជុងអ៊ុន និយាយថាជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពជើងទឹក៕