(រ៉ាបា)៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ារ៉ុក មនុស្សយ៉ាងហោច ៣៤នាក់បានស្លាប់ ក្នុងនោះមាន ២៧នាក់បានស្លាប់ក្នុងទីក្រុងម៉ារ៉ាកេស (Marrakech) ស្ថិតនៅចម្ងាយ ៣២០គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងរ៉ាបា និង៧នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានស្លាប់នៅខេត្ត អ៊ូអាហ្សាហ្សាត (Ouarzazate) នៃភាគខាងត្បូងប្រទេស។ តែមិនទាន់មានតួលេខផ្លូវការនៃអ្នកស្លាប់ និងរងរបួសចេញផ្សាយដោយអាជ្ញាធរម៉ារ៉ុកនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក។ នៅក្នុងទីក្រុងម៉ារ៉ាកេស មានសេចក្ដីរាយការណ៍ពីការបាក់រលំអាគារជាច្រើនខ្នង ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថាអាចនឹងកើនឡើង៕