(ហុងកុង)៖​ ខណៈមេដឹកនាំនៃមហាអំណាចធំៗរបស់ពិភពលោក ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី ចូ បៃដិន នឹងជួបប្រជុំគ្នាក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះដើម្បីដោះស្រាយបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈម លោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងមិនមានវត្តមាន នៅឯកិច្ចប្រជុំកំពូល G20 នោះទេ។

ចាប់តាំងពីបានឡើងកាន់អំណាចជាប្រធានាធិបតីចិនក្នុងឆ្នាំ២០១២មក លោក ស៊ី ជិនពីង មិនដែលខកខានចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នោះឡើយ។ ទីក្រុងប៉េកាំងមិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការសម្រេចចិត្តមិនទៅចូលរួមរបស់លោក ស៊ី ជិនពីងនោះទេ ដោយគ្រាន់តែឱ្យដឹងថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងធ្វើជាតំណាងទៅចូលរួមកិច្ចប្រជុំជំនួសលោកប្រធានាធិបតី ស៊ី។ ក្នុងពេលដែលចិនមិនបានបញ្ជាក់ឱ្យច្បាស់ពីអវត្តមានរបស់ លោក ស៊ី ជិនពីង មានការសង្ស័យ និងការបកស្រាយពីមូលហេតុផ្សេងៗគ្នា ក្នុងនោះរាប់ចាប់ពីបញ្ហាសុខភាពរបស់លោក បញ្ហានៅក្នុងស្រុក ឬអាចមកពីលោក ចង់បំបាក់មុខឥណ្ឌាដែលជាម្ចាស់ផ្ទះរៀបចំកំពូល G20 និងដែលកំពុងមានជម្លោះទឹកដីស្រាប់នៅតាមតំបន់ព្រំដែន ជាមួយចិន។

ក៏ប៉ុន្តែ ដោយពិនិត្យទៅលើការប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកវិភាគយល់ថាអវត្តមាននៅឯ G20 គឺអាចមកពីលោក ស៊ី ជិនពីង ចាប់ផ្ដើមមានការស្រងាកចិត្ត ឬមិនសប្បាយចិត្តតែម្ដងចំពោះប្រព័ន្ធអភិបាលកិច្ចសកលមួយនេះដែលលោកផ្ទាល់មើលឃើញថានៅតែស្ថិតក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិកខ្លាំងពេក។ ជំនួសមកវិញ លោក ស៊ី ជិនពីង អាចនឹងងាកទៅផ្ដោតជាអាទិភាពលើវេទិកាពហុភាគីដទៃដែលស័ក្តិសមជាមួយចក្ខុវិស័យ របស់ចិនចំពោះសណ្ដាប់ធ្នាប់ពិភពលោក ដូចជាកិច្ចប្រជុំកំពូល BRICS ដែលទើបតែបានរៀបចំកិច្ចប្រជុំកាលពីពេលថ្មីនេះ និងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» ដែលនឹងរៀបចំនៅពេលមុខ។

* ស្រងាកចិត្តជាមួយ G20
សម្រាប់ក្រុមអ្នកវិភាគមួយចំនួន អវត្តមានរបស់លោក ស៊ី ជិនពីង អាចជាសញ្ញាមួយនៃការកែប្រែទស្សនៈយល់ឃើញរបស់ចិនចំពោះ G20 ដែលជា វេទិកាសកលធំលំដាប់ទីមួយប្រមូលផ្ដុំទៅដោយបណ្ដាប្រទេសអ្នកមាន និងប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន តំណាងរហូតដល់ទៅ ៨០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP នៃពិភលោកទាំងមូល។ ចិនធ្លាប់តែមើលឃើញថាវេទិកា G20 ប្រៀបដូចជាស្ថាប័នអព្យាក្រឹតមួយសម្រាប់ អភិបាលកិច្ចសកល ហើយតែងតែផ្តល់ការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់។ នេះបើតាមលោក Jake Werner ជាអ្នកសា្រវជ្រាវម្នាក់មកពីវិទ្យាសា្ថន Quincy មានមូលដ្ឋានទីក្រុងវ៉ាស៊ីនតោន។

ចាប់តាំងពីឆ្នាំ២០០៨មក មេដឹកនាំកំពូលរបស់ចិនតែងតែចូលរួមជានិច្ចនៅឯកិច្ចប្រជុំកំពូល G20 ក្នុងនោះមានទាំងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំឡុង ការឆ្លងរាតត្បាត​កូវីដ ហើយសូម្បីតែលោក ស៊ី ជិនពីងក៏មិនដែលបាត់មុខពីកិច្ចប្រជុំនេះដែរចាប់ពីតាំងឡើងកាន់តំណែងជាប្រធានាធិបតីចិន ក្នុងឆ្នាំ២០១២ មក។​ នៅពេលចិនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០១៦ ទីក្រុងប៉េកាំងបានធ្វើអ្វីៗគ្រប់ៗយ៉ាងដែលខ្លួនអាចធ្វើបាន ដើម្បីធ្វើឱ្យ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅដោយជោគជ័យ ជាការបង្ហាញពីការកើនឡើងឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តស្ថិតក្នុងភាពតានតឹង រីឯការប្រកួតប្រជែងគ្នាកាន់តែស្រួចស្រាល់ឡើង។ លោក Werner បាននិយាយថាបច្ចុប្បន្ន ចិនមើលឃើញថា G20 កាន់តែមានទំនោរងាកទៅរកសហរដ្ឋអាមេរិក ហើយរបៀបវារៈនៃកិច្ចប្រជុំមានលក្ខខណៈ ប្រឆាំងនឹងចិន ដ្បិតប្រទេសជាសមាជិក G20 ជាងពាក់កណ្ដាលគឺជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ ចិនក៏មើលឃើញដែរថាការកើនឡើងភាពតានតឹង របស់ខ្លួនជាមួយប្រទេសជាសមាជិកដទៃ ដូចជាជម្លោះព្រំដែនជាមួយឥណ្ឌា គឺដោយសារតែទំនាក់ទំនងដ៏យ៉ាប់យ៉ឺនរបស់ខ្លួនជាមួយអាមេរិកដែរ។

ទីក្រុងប៉េកាំងមិនសប្បាយចិត្តទាល់តែសោះ ចំពោះការកើនឡើងនៃទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងឥណ្ឌា និងសហរដ្ឋអាមេរិក ជាពិសេសគឺការចូលរួមរបស់ ឥណ្ឌានៅក្នុង «ក្រុមប្រទេសក្វាដ» ជាវេទិកាសន្តិសុខមួយដឹកនាំដោយសហរដ្ឋអាមេរិកដែលចិនចាត់ទុកថាជា «អង្គការ NATO ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ លោក Happymon Jacob ជាសាស្ត្រាចារ្យផ្នែកសិក្សាអន្តរជាតិមកពីសាកលវិទ្យាល័យ Jawaharlal Nehru ក្នុងទីក្រុងញូវដេលីបាននិយាយថាចិនមើល ឃើញឥណ្ឌាកំពុងស្ថិតនៅក្នុងប្លុកមួយប្រឆាំងនឹងចិន ដូច្នេះចិនប្រហែលជាមិនចង់ផ្ដល់គុណតម្លៃបន្ថែមលើវេទិកាអន្តរជាតិធំមួយដែលឥណ្ឌាជាម្ចាស់ផ្ទះ រៀបចំនោះទេ។

* សម្លឹងឃើញអភិបាលកិច្ចសកលផ្សេងមកជំនួស
លោក ស៊ី ជិនពីង បានចូលរួមកិច្ចប្រជុំកំពូល G20 លើកចុងក្រោយបំផុត នៅកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ នៅឯកិច្ចប្រជុំ មានរយៈពេល ២ថ្ងៃ លោក ស៊ី ជិនពីងបានចួលរួមក្នុងជំនួបការទូតជាមួយមេដឹកនាំពិភពលោកចំនួន១១រូប ក្នុងនោះរួមមានទាំងលោក ចូ បៃដិន និងបានអញ្ជើញ មេដឹកនាំដទៃទៀតជាច្រើនបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។ ចាប់តាំងពីពេលនោះមកដែរ គេសង្កេតឃើញថាមេដឹកនាំ រួមមានមេដឹកនាំបារាំង អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌូណេស៊ីដែលសុទ្ធសឹងជាសមាជិក G20 និងមេដឹកនាំសហភាពអឺរ៉ុប រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅជួបលោក ស៊ី ជិនពីងក្នុងទីក្រុងប៉េកាំង បន្តន្ទុយគ្នា។

ក្នុងពេលមមារញឹកទទួលស្វាគមន៍មេដឹកនាំបរទេស លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចទៅក្រៅប្រទេសចំនួន ២លើកប៉ុណ្ណោះក្នុងឆ្នាំ២០២៣នេះ។ កាលពី ខែមីនា លោក ស៊ី ជិនពីង បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន និងកាលពីខែសីហាកន្លងទៅលោកបានធ្វើដំណើរទៅប្រទេស អាហ្វ្រិកខាងត្បូង ចូលរួមកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Johannesburg ជាទីដែលប្លុកនេះប្រកាសទទួលយកសមាជិកបន្ថែមថ្មីចំនួន៦។

បើតាមលោក George Magnus ជាអ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យ Oxford ការពង្រីកសមាជិក BRICS បន្ថែមនេះអាចជាឧទាហរណ៍មួយនៃរចនាសម្ព័ន្ធ អភិបាលកិច្ចសកលថ្មីមួយផ្សេងទៀត ដែលទីក្រុងប៉េកាំងចង់បង្កើតឡើង តាមរយៈការបញ្ចូលសមាជិកជាប្រទេសសំខាន់ៗមួយចំនួនមកពីក្រុមប្រទេស ភាគខាងត្បូងនៃពិភពលោក ឬ Global South ដោយមានចិនកាន់តួនាទីដ៏សំខាន់មួយ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំថ្មីៗនេះ លោក ស៊ី ជិនពីង បានបង្ហាញទស្សនៈរបស់លោកជាច្រើនចំពោះសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ជាមួយការប្រកាសដាក់ចេញ គំនិតផ្ដួចផ្ដើមជាសកលចំនួន៣ គឺ «គំនិតផ្ដួចផ្តើមសន្តិសុខសកល (Global Security Initiative), គំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកល (Global Development Initiative) និងគំនិតផ្ដួចផ្ដើមស៊ីវិល័យសកល (Global Civilization Initiative)»។ នៅខែតុលាខាងមុខ លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនៃវេទិកាខ្សែក្រវាត់ និងផ្លូវ ដើម្បីប្រារព្ធខួប១០ឆ្នាំ នៃការបង្កើតគំនិតផ្ដួចផ្ដើមមួយនេះ។

លោក Magnus បាននិយាយថាគំនិតផ្ដួចផ្ដើមដូចជា ខ្សែក្រវាត់ និងផ្លូវ BRICS ព្រមទាំងអង្គការកិច្ចសហប្រតិបត្តិការសៀហៃ (SCO) ដែលសុទ្ធតែមានចិនជា សា្ថបនិក ឬជាតួអង្គសំខាន់ បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសចិន ហើយវេទិកាទាំងអស់នេះត្រូវបានចិនមើលឃើញថាជាកន្លែងដែលចិន អាចទាក់ទាញចំណាប់អារម្មណ៍ពីសកលលោក និងបង្ហាញពីកិត្យានុភាព៕