(ហ្សាការតា)៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសឥណ្ឌូនេស៊ី និងចិនបានពិភាក្សាគ្នាអំពីវិធីកែលម្អការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដែលរួមមានទាំងការពង្រីកផលិតផលនាំចេញរបស់ឥណ្ឌូនេស៊ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២៣។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលត្រូវបានគេស្គាល់ថា Jokowi បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលបានធ្វើឡើងក្នុងសប្តាហ៍នេះនៅទីក្រុងហ្សាកាតា។

លោក Li បាននិយាយនៅក្នុងកិច្ចប្រជុំថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការនាំចូលទំនិញភាគច្រើនរបស់ឥណ្ឌូនេស៊ី ដូចជាផលិតផលកសិកម្ម និងនេសាទលំដាប់ថ្នាក់ខ្ពស់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។

លោក Jokowi ក៏បានអំពាវនាវជាពិសេសដល់ក្រុមហ៊ុនចិន ទាំងឯកជន និងរដ្ឋ ឱ្យចូលរួមក្នុងការសាងសង់រដ្ឋធានីថ្មី Nusantara ដែលមានតម្លៃ ៣២ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌូនេស៊ី។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ចិនបានឱ្យដឹងថា កិច្ចព្រមព្រៀងមួយក៏ត្រូវបានចុះហត្ថលេខា រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក៕