(កៀវ)៖ អ៊ុយក្រែនបានប្រកាសនៅថ្ងៃសុក្រ (៨ កញ្ញា) ថា មនុស្ស ៤ នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នៅពេលដែលរុស្ស៊ីបានបើកការវាយប្រហារផ្លូវអាកាសថ្មីមួយ នៅភាគកណ្តាល និងភាគខាងកើតប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko បាននិយាយថា «គ្រាប់បែកអាកាសរុស្ស៊ីបានសម្លាប់ជនស៊ីវិល ៣នាក់ និង៤នាក់ទៀតរងរបួសនៅនៅសង្កាត់ Odradokamyanka» ដោយពណ៌នាការវាយឆ្មក់ នេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
សង្កាត់ Odradokamyanka មានទីតាំងនៅប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង Kherson និងស្ថិតនៅច្រាំងខាងលិច នៃទន្លេ Dnipro ។
លោក Klimenko បាននិយាយនៅមុននេះថា មីស៉ីលមួយគ្រាប់របស់រុស្ស៉ី បានធ្លាក់ចំអគារប៉ូលិសនៅកណ្តាលទីក្រុងកៀវយី រីហ៍ (Kryvyi Rih) ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky នាថ្ងៃសុក្រនេះ បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ និងរបួសជាច្រើននាក់។
លោកបានបន្ថែមថា «ក្រុមអ្នកជួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល បានទាញមនុស្សបីនាក់ផ្សេងទៀតចេញពីក្រោមគំនរបាក់បែក។ ពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា អំលុងវេលាយប់ចន្លោះថ្ងៃព្រហស្បតិ៍-សុក្រសប្តាហ៍នេះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន១៦គ្រឿងក្នុងចំណោម ២០គ្រឿង។ ទីបញ្ជាការយោធាភូមិភាគខាងត្បូង ក៏បានឲ្យដឹងដែរថា យន្តហោះដ្រូនចំនួន ១៤គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់អូដេសា (Odesa) និង២គ្រឿងទៀតនៅភាគខាងត្បូងនៃតំបន់ម៉ាកូលេវ (Mykolaiv)៕